ភ្នំពេញ៖ ក្រោយពីបង្ហាញក្តីសង្ឃឹមចូលរោងការរួម ពេជ្រ សោភា តារាប្រុស ឆឹម សក្កដា ក៏ប្រឹងប្រមូលលុយក្នុងវិថីសិល្បៈទាំងថ្ងៃទាំងយប់គ្មានពេលសម្រាកឡើយ ពោលក្នុងអំឡុងខែតុលា ឆ្នាំ២០១៨ លោកបានបង្ហើបថា លោកថតដល់ទៅ ៤កន្លែង​រហូតធ្វើឲ្យលោក​ខ្សោះអស់កម្លាំង ស្ទើរតែបាត់បង់ជីវិតទៀតផង ប៉ុន្តែលោកហាក់ដឹងខ្លួនមុនថា កម្លាំងរបស់លោកប្រឈមនឹងការបាត់បង់ជីវិត ក៏ប្រាប់ទៅក្មួយឲ្យហៅឡានពេទ្យដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យប្រាប់ថា លោកខ្វះជាតិស្ករ កាល់ស្យូម នាំឲ្យលោកគ្មានកម្លាំងកំហែងក្នុងខ្លួន។

ក្នុងជំនួបសួរសុខទុក្ខលោក ប្រាក់ សារួន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោក ឆឹម សក្កដា បានប្រាប់តារាញូស៍ថា «ខ្ញុំស្ទើរតែខ្សោយកម្លាំងស្ទើរតែដាច់ខ្យល់ស្លាប់ ព្រោះតែធ្វើការច្រើនម៉ោងពេក យប់ផង ថ្ងៃផង»។ ខណៈកំពុងសម្រាកលើគ្រែពេទ្យម្តាយរបស់លោកបាន​ខលមកប្រាប់ជាអបិយជំនឿថា លោកត្រូវអ្នកតា​ទិសខាងលិចតាមស្រលាញ់ និងចង់យកទៅធ្វើបរិវា តែយ៉ាងណាលោក សក្កដា មិនព្រមទៅទេ ដោយឲ្យគ្រូអូមអាមសូន្យ​រូបផ្សេងដាក់ជំនួស​រូបលោកវិញ ទើបធ្វើឲ្យលោកហាក់បានស្រាកស្រាន្តពីជំងឺរហូតដល់ថ្ងៃនេះ។

គូស្នេហ៍តែមួយ ពេជ្រ សោភា តំណាលរឿងអបិយជំនឿថា «ពេលខ្ញុំកំពុងដេកលើនៅពេទ្យចេះតែឮសំឡេងស្លូត និងសូត្រធម៌ តែពេលខ្ញុំសួរគ្រូពេទ្យថា មានអ្នកចាក់សំឡេងធម៌មែន គ្រូពេទ្យបានប្រាប់ថា គ្មានទេ មានតែខ្ញុំរវើរវាយខ្លួន ហើយខ្ញុំខំចាក់ចំរៀងឮៗ តែរាល់ពេលខ្ញុំបិទសំឡេងចម្រៀងក៏ឮសំឡេងស្លូតទៀត រហូតខ្ញុំទៅឲ្យគ្រូនៅស្រុកកំណើតស្រោចទឹក និងដាក់សូន្យរូបនិមិត្តទើបបានធូស្រាល»។