ភ្នំពេញ៖ពីដំណឹងបង្ហាញពីគូស្នេហ៍ ជិតដល់ថ្ងៃរៀបការ ខាងកូនកំលោះមានជំនាញ​ជាគ្រូក្បាច់គុនល្បុកក្តោ ជួបគ្រោះថ្នាក់ចរាចរស្លាប់ចោល ធ្វើឲ្យមជ្ឈដ្ឋាន​មហាជន​ខ្មែរក្តុក្តួលណាស់ទៅហើយ ថែមពីរូបថតគូស្នេហ៍មួយគូនេះថតpre- wedding លាគ្នានោះក៏រឹតតែមហាសង្វេកទៀត។ ថែមពីក្តីក្តុកក្តួលលើជីវិតគូស្នេហ៍ព្រាតស្លាប់ ទាំងរងចាំឳកាសក្រាបផ្ទឹមជិតមកដល់នោះ រូបថ្មីបង្ហាញពីភក្តីភាពនាង គូដណ្តឹងក្រាប ផ្ទឹមជាមួយ ធាតុ ដែលសល់ពីរូបរាងកាយអនាគតស្វាមីដ៏ស្រស់សង្ហាគ្រានៅមានដង្ហើម ក៏រឹកតែធ្វើឲ្យមហាជនកើតក្តីអាណិត ក្តុកក្តួលកើនទ្វេ។

លើបណ្តាញសង្គម ពីរូបថតបង្ហាញពីចិត្តភក្តី ពីនាងជាគូដណ្តឹង អោនក្រាបផ្ទឹម ជាមួយ​ធាតុ រួមភ្ជាប់សម្ភារៈ ជាគ្រឿងដណ្តងកាយរបស់អនាគតស្វាមី គ្រានៅមានដង្ហើមនោះ ក៏ភ្ជាប់ដោយសាររៀបរាប់ថា «កូនក្រមុំ ត្រៀមនិងចូលរោងការក្នុងថ្ងៃទី៧ ខែមករាឆ្នាំ​២០១៩ បែរត្រូវព្រាត់គូស្នេហ៍ តែដោយសារតែសេចក្ដីស្រលាញ់នៅដកជាប់ពេញ ក្រអៅបេះដូងបានជំរុញអោយនារីអភ័ព្វសម្រេចចិត្តក្រាបផ្ទឹមជាមួយ”ធាតុ”កូន​កម្លោះ​ព្រមនិងអំបោះពណ៌ក្រហម ជាចំណងចងភ្ជាប់ ដោយញាតិចាស់ទុំ»។ ក្នុងសាររៀបរាប់​​បង្ហាញន័យដ៏មហាក្តុកក្តួលនិងភាពស្មោះស្ម័គ្រពីនារីជាគូដណ្តឹងនោះ ក៏បានបន្តថា​«ឃើញទិដ្ឋភាពដ៏គួរអោយសង្វេគចិត្តមួយនេះ ហើយធ្វើអោយមហាជនលាន់មាត់​ពោលពាក្យអាណិតគ្រប់ៗគ្នាខ្លះទៀតក៏ព្រលយថា«ស្នេហ៍ស្មោះពិតជាមាន»។