សៀមរាប ៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីដ៏ចម្លែកមួយបានកើតឡើងនៅក្នុងភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ផ្អើលអ្នកជិតខាងរត់ឆោឡោ ដោយក្មេងស្រីបីនាក់បងប្អូនមានអាការៈឈឺពោះ ក្អួតចង្អោរ ទាំងបីក្រោយពេលហូបសាច់សត្វគីង្គក់ ហើយក៏ស្លាប់កុមារម្នាក់ ឈ្មោះ ធឿន គីមសាន អាយុ៦ឆ្នាំ ជាសិស្សមតេយ្យបានស្លាប់បាត់បង់ជីវិតពេលនៅមន្ទីរពេទ្យ។

បើតាមសម្ដីឪពុករបស់ក្មេងរងគ្រោះបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើបាននាំគ្នាយកសត្វគីង្គីក់ចំនួន៦ក្បាល ដែលប្រោសក្នុងទ្រុងមកប្រលាត់ធ្វើម្ហូប ហើយក្នុងគីង្គក់ទាំង៦ក្បាលនោះ មានគីង្គក់ពីរដែលមានពងយកទៅចៀននាំគ្នាហូប លុះមួយសន្ទុះក្រោយមក ស្រាប់តែក៏មានអាការៈឈឺពោះ ក្អួតចង្អោរឡើងទន់ខ្លួនជាបន្តបន្ទាប់ ហើយឪពុកក៏បានយកទៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀម លុះដល់ម៉ោងប្រមាណ១២ រំលងចូលថ្ងៃទី០៨  កុមារឈ្មោះ ធឿន គីមសាន ភេទស្រី អាយុ៦ឆ្នាំ ជាសិស្សមតេយ្យ រើប្រកាច់បណ្តាលឲ្យស្លាប់ក្នុងមន្ទីរពេទ្យគន្ធបុប្ផា ហើយបានយកសពកូនត្រឡប់មកផ្ទះវិញ។ លុះព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ អ្នកជំនាញចុះស្រាវជ្រាវ និងពិនិត្យសាកសពក្មេងឈ្មោះ ធឿន គីមសាន សន្និដ្ឋានថា កុមារស្លាប់ដោយពុលពងសត្វគីង្គក់ពិតមែន។