ភ្នំពេញ ៖ ក្រោយពីផ្ទុះក្ដីអាណិតអាសូរយ៉ាងខ្លាំងពេញបណ្ដាញសង្គម ខណៈនារីម្នាក់ត្រូវប្ដីវាយបែកមុខបែកមាត់ ព្រមទាំងយកកាំបិតឆូតមុខ ហើយក៏បានដឹងដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកក៏បានប្រកាសស្វែងរកស្ត្រីរងគ្រោះខាងលើ ដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់។ ស្រាប់តែនៅព្រឹកមិញនេះ បុរសជាប្ដីដែលប្រើអំពើហិង្សាមកលើប្រពន្ធ ក៏ត្រូវឃាត់ខ្លួនបានចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ។

ក្នុងការចាប់ខ្លួនបុរសជាប្ដីខាងលើនេះ ដែលល្បីវាយធ្វើបាបប្រពន្ធបានរ៉ាយរ៉ាប់ប្រាប់ពីដំណើរដើមទងថា មុនពេលកើតហេតុខ្លួនបានតាមទាន់នារីរងគ្រោះ ដែលជាប្រពន្ធលបលួចក្បត់ចិត្តផិតមានប្រុសថ្មី រូបថតអោបថើបគ្នាទាំងដែលខ្លួនមានប្ដី និងកូនរួចទៅហើយ ហើយនៅពេលដែលខ្លួនដេញដោល ព្យាយាមប្រាប់ណែនាំពីកំហុស នារីជាប្រពន្ធក៏ខឹងហើយប្រើអំពើហិង្សាមកលើខ្លួនមុន ដោយគ្រាន់តែការពារខ្លួនហើយជ្រុលដៃរហូតនាងមានរបួសបែបនេះ។ បុរសជាប្ដីក៏បន្តទៀតថា ហើយរឿងដែលនាងនិយាយថាខ្លួនយកកាំបិតឆូតលើមុខរបស់នាងនោះ គឺមិនមែនជារឿងពិតនោះឡើយ ហើយក៏មិនមែនតែជាលើកទីមួយនោះដែរ ដែលនាងបានប្រើអំពើហិង្សាលើខ្លូនមុន ព្រមទាំងមានប្អូនស្រី និងម្ដាយជាសាក្សីទៀតផង៕