បន្ទាយមានជ័យ៖ ផ្ទុះការចែករំលែក និងស្ងើចសរសើរពេញបណ្ដាញសង្គម ខណៈដំណាំដ៏កម្រ បានលេចរូបរាងក្រហមច្រាល ព្រមជាមួយលោកតាម្ចាស់ចំការ ធ្លាប់តែលឺតាមដំណាលរឿងព្រេងពីបុរាណ «តាត្រសក់ផ្អែម» ស្របពេលផ្លែត្រសក់ពណ៌លឿងឆ្អិនឆ្អៅ និងរសជាតិផ្អែមត្រជាក់ចិត្តនេះ ត្រូវបានកសិករដែលមាននាមល្បី ហៅ អ៊ំម៉ាឡេ ដាំបាន និងកំពុងចរាចរលើទីផ្សារក្នុងស្រុកយ៉ាងរីកស្គុះស្គាយ។

ក្នុងរូបភាពដែលបានចែករំលែកដោយអ្នកប្រើប្រាស់បណ្តាញសង្គម បង្ហាញរងត្រសក់ច្រើនជួរ ព្រមទាំងផ្លែដាប គួរគយគន់ រួមទាំងរូបភាពបុរសកសិករគម្រូដែលស្ម័គ្រដាំគ្រាប់ពូជផ្អែមដូចស្ករ ឈរកាន់ផ្លែត្រសក់បង្អួតរាងយ៉ាងសង្ហានេះត្រូវបានទម្លាយថា ស្ថិតក្នុងភូមិសាស្រ្តច្បាស់នៅ បន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ យោងតាមសម្តីពលរដ្ឋក្បែរខាង និងជាអតិថិជនទិញហូបញឹកញាប់ផងនោះបានរៀបរាប់ឲ្យសារព័ត៌មានដឹងថា «ផ្លែត្រសក់ដែលលោកអ៊ំម៉ាឡេ ដាំនេះពិតជាឆ្ងាញ់មែន ដ្បិតជាការដាំដោយដៃសុទ្ធសាធ និងប្រើប្រាស់ជីធម្មជាតិពិតប្រាកដ»។

យ៉ាងណាក្តីក៏មានការសំណូមពរទៅដល់ស្ថាប័នពាក់ព័ន្ធក្នុងការជួយរកទីផ្សារត្រសក់ផ្អែមនេះឲ្យកាន់តែផុសផុល ពិសេសអាចនាំចេញទៅកាន់ទីផ្សារពិភពលោក ដើម្បីបង្ហាញពីស្នាដៃកូនខ្មែរឲ្យបរទេសបានស្គាល់ និងភ្លក្សរសជាតិ។