ភ្នំពេញ ៖ ម្ចាស់មេដាយមាសស៊ីហ្គេមវិញ្ញាសារប្រដាល់សេរីឆ្នាំ ២០១៧ ឃុន ឌីម៉ា កំពុងជួបទុក្ខធំមានជំងឺជាច្រើន ត្រូវវះកាត់ជាបន្ទាន់នៅក្រៅប្រទេស ខណៈលោក ហេង ប៊ុនឃីម ដែលជាឪពុក និងជាគ្រូបង្វឹកផងនោះបានរៀបរាប់ថា ក្រោយពេលពិនិត្យរួច គ្រួសារបានសម្រេចនាំ ឌីម៉ា វិលពីប្រទេសថៃមកផ្ទះវិញសិន ដើម្បីស្វែងរកប្រាក់ព្យាបាល និងលក់ដីបន្ថែម ព្រោះតម្លៃព្យាបាលនៅពេទ្យមួយកន្លែង ក្នុងប្រទេសថៃមានតម្លៃថ្លៃព្យាបាលប្រមាណ ១៥,០០០ ដុល្លារឯណោះ។

ជាមួយដំណឹងដ៏គួរឲ្យរន្ធត់ និងសោកស្តាយនូវទឹកដៃប្រយុទ្ធល្អឯករកគូសឹងគ្មានដោយសាររបួសរ៉ាំរ៉ៃនេះក៏មានការប្រកាសថា «ក្រុមគ្រូពេទ្យប្រចាំជម្រើសជាតិ បានសម្របសម្រួលឲ្យ ឌីម៉ា សម្រាកនៅមន្ទីរពេទ្យក្នុងស្រុក មានកាល់ម៉ែត,ព្រះអង្គឌួង,ពេទ្យរុស្ស៊ី និងពេទ្យលោកសង្ឃក្រុមគ្រួសារចង់ទៅព្យាបាលនៅក្រៅប្រទេសច្រើនជាង»។ ភ្លាមនោះប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដ៏សកម្មគឺ ឯកឧត្ដម តែម ម៉ឺន ក៏បានថ្លែងថា បើ ឌីម៉ា ជ្រើសយកពេទ្យក្រៅប្រទេសក៏សហព័ន្ធនៅតែប្រឹងប្រែងជួយឧបត្ថម្ភ ហើយក៏សូមស្នើសប្បុរសជនចូលរួមជួយដល់គាត់តាមសទ្ធា ដើម្បីជួយគ្នាផង៕