ព្រះសីហនុ ៖ ក្រោយពីបានចូលកាន់ដំណែងទទួលថ្មបាក់ជាអភិបាលថ្មីនៃខេត្តព្រះសីហនុ ឯកឧត្ដម គូច ចំរើន បានជួបព្យុះជួបភ្លៀងជាច្រើនត្រឹមតែរយៈប្រមាណជិតមួយខែ ហើយលោកក៏មានការខិតខំប្រឹងប្រែងយ៉ាងដុតដៃដុតជើងស្ទើរតែគ្មានពេលសម្រាក ដើម្បីស្ដារក្រុងមួយនេះឱ្យមានភាពស្រស់បំព្រងឡើងវិញ ខណៈនៅថ្ងៃស្អែកនេះយុទ្ធនាការដ៏ធំមួយនៅក្នុងខេត្តព្រះសីហនុ ក្នុងការសំអាតអនាម័យ បរិស្ថានទីក្រុងនឹងត្រូវរៀបចំយ៉ាងធំសម្បើមតែម្តង។

ក្នុងសារស័ព្ទប្រាប់ប្រកាសឲ្យមានការចូលរួមផងនោះលើទំព័រហ្វេសប៊ុកអតីតអភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បន្តបញ្ជាក់ទីតាំងថា «មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ហើយក៏សម្រេចលើកយកថ្ងៃទី១៣ ខែកក្កដា ស្អែកនេះ ក្នុងនោះ អាជ្ញាធរក៏បានបង្ហាញពីទីតាំងដែលត្រូវជួបជុំគ្នារួមមាន ៖ *គោលដៅទី១ : ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ) *គោលដៅទី២ : ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ *គោលដៅទី៣ : ជួបជុំគ្នានៅសួនច្បារមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត) *គោលដៅទី៤ : ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ »៕