ភ្នំពេញ៖ ទើបតែប៉ុន្មានថ្ងៃសោះ ជំងឺប៉េស្ដជ្រូកអាហ្វ្រិកដែលរាលដាលមកដល់ប្រទេសវៀតណាម ហើយក៏បន្តរាលដាលមកដល់កម្ពុជា តាមរយៈការនាំចូលសាច់ជ្រូកពីប្រទេសវៀតណាម ដោយមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យប្រជាកសិករចំនួន៥ខេត្ត កំពុងតែផ្ទុះការព្រួយបារម្ភដោយបានធ្វើឱ្យសត្វជ្រូកឈឺ និងងាប់ជាច្រើនក្បាល ដោយក្នុងនោះមានខេត្ត ស្វាយរៀង រតនគិរី មណ្ឌលគិរី តាកែវ និងខេត្ត កណ្ដាល។

ជាក់ស្ដែង នៅថ្ងៃទី១០កក្កដា នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឆ្លើយតបនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បើទោះបីជាមានការឆ្លងខ្លាំងទៅលើសត្វជ្រូក ដែលបណ្តាលឲ្យឈឺ និងងាប់ច្រើនយ៉ាងណាក្ដី តែជំងឺនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្សនោះឡើយ។ តែយ៉ាងណា ទោះជានាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអះអាងយ៉ាងនេះក្ដី តែប្រជាពលរដ្ឋជាច្រើន នៅតែមានការព្រួយបារម្ភ និងបញ្ឈប់ការបរិភោគសាច់ជ្រូកមួយរយៈជៀសវាងមានហានិភ័យកើតឡើង៕