ស្វាយរៀង ៖ កាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញនេះ មានករណីដ៏រន្ធត់មួយបានកើតឡើង ស្ថិតនៅក្នុងភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដោយកូនប្រុសចិត្តខ្មៅថ្លើមធំដុតទ្រនំធ្លាប់ជ្រកឆេះគ្មានសល់ ព្រោះខឹងឪពុកមិនទៅដណ្ដឹងប្រពន្ធឱ្យ។

ប្រភពពីអ្នកជិតខាងបានឱ្យដឹងថា មុនពេលកើតហេតុកូនប្រុសចង្រៃខាងលើ ដែលមានឈ្មោះ ពិន ពិទូ ភេទប្រុស អាយុ ២៩ឆ្នាំ បានប្រាប់ឪពុកបង្កើតរបស់ខ្លួនឈ្មោះ ពិន បូរិន អាយុ៥៩ឆ្នាំ ទៅដណ្ដឹងប្រពន្ធឱ្យ តែប្រហែលជាខ្លួនមានចរិតមិនសូវល្អគ្មានកំណើត មិនអាចរកក្ដីសុខសុភមង្គលឱ្យកូនស្រីគេ ឪពុកក៏សម្រេចចិត្តមិនទៅដណ្ដឹងឱ្យឡើយ។

ទោះខំលោមលួងយ៉ាងណាក៏ឪពុកនៅតែមិនព្រម កើតទុក្ខមិនសុខចិត្តដ្បិតខកខានបានស្រណុកពេលមានប្រពន្ធដូចពាក្យគេថានោះ កូនប្រុសឈ្មោះ ពិទូ ក៏បានដុតផ្ទះឆេះគ្មានសល់ ផ្អើលអស់ភូមិផងរបងជាមួយ រត់ស្ទុះស្ទាបំណងជួយពន្លត់ តែដោយអំណាចកម្លាំងអគ្គិភ័យខ្លាំង ពលរដ្ឋក៏មិនអាចជួយបានសល់ត្រឹមជើងសសរព្រោងព្រាត ក្រោយអគ្គិភ័យរលត់សាបសូន្យ ៕