ភ្នំពេញ ៖ លើបណ្ដាញសង្គមហ្វេសប៊ុកតារាសម្តែង និងពិធីការិនីស្រីល្បីឈ្មោះ ឌួង ហ្សូរីដា កាលពីថ្មីៗបានរំលេចរឿងភ្ញាក់ផ្អើលមួយ ដោយភ្ជាប់ពាក្យពេចន៍រំលេចពីភាពបាត់បង់ជំនឿលើអាជ្ញាធរថា «ដំណឹងស្វែងរកមុខចោរលួចម៉ូតូ…! បើបងប្អូន ណារកម៉ូតូពាក់ស្លាក លេខភ្នំពេញ 1HM-0139 ឃើញ ខ្ញុំនឹងជូនជាសាគុណចំនួនទឹកប្រាក់ 500$ ប្រសិ​នបើការធ្វើការរបស់ប៉ូលិសសង្កាត់ទឹកល្អក់៣នេះ ហើយនៅតែស្ងាត់ស្ងៀមឈឹង រកមិនឃើញ»។

តារាស្រីចាស់វស្សារូបនេះក៏បន្ថែម និងសង្កត់ធ្ងន់ចង់ឲ្យមានការដោះស្រាយបន្ទាន់ទៀតថា «ម៉ូតូបុគ្គលិកផ្នែកដឹកឥវ៉ាន់របស់ហាង មុទិតា យើងខ្ញុំត្រូវបានចោរចូលលួចជិះយកទៅបាត់ រត់តាមមិនទាន់ បានត្រឹមមើលតាម Camera សុវត្ថិភាព នៅវេលាម៉ោង 11 និង 04នាទីព្រឹក។ សាហាវខ្លាំងតែម្តងលោកចោរនៅម្តុំហាង មុទិតា ផ្លូវទេពផន។ នេះ រឺភូមិ ឃុំ មានសុវត្ថិភាព?»។

បន្តដោយសម្តីទាំងខ្លួនត្រឹមជាតារា និងប្រជាជនប្រកបរបរសាមញ្ញ បងស្រី ឌួង ហ្សូរីម៉ា បញ្ជាក់ថា «តើគួរប្តឹងទៅខាងណាទៀតទើបការរកឃើញមុខសញ្ញាចោរលួចនេះអោយឃើញ ព្រោះម៉ូតូម្តុំហាងខ្ញុំនេះ លក្ខណ:បាត់រាល់អាទិត្យ ម្ចាស់ម៉ូតូទៅប្តឹងរហូតតែដូចជាស្ងាត់ឈឹងរកមិនឃើញ។ អញ្ចឹងគួរតែទៅប្តឹងកន្លែងណាទៀតទៅ ព្រោះខ្ញុំពិតជាមិនសូវយល់ដឹងអំពីការធ្វើការរបស់មន្រ្តីពាក់ពន្ធ័ទេ សូមផ្តល់យោបល់ផង ព្រោះគ្រាន់តែជាប្រជាជនធម្មតា ហើយសង្ឃឹមថា ការអនុវត្តន៍ទ្រឹស្តី «ភូមិ ឃុំ មានសុវត្តិភាព» មានប្រសិទ្ធភាពអោយដូចនិយាយផង»។