ភ្នំពេញ៖ តារាចម្រៀង ក្នុងស្រទាប់យុវវ័យ លោក គូ ម៉ា ដែលមហាជនស្គាល់ថាជាតារាល្បីប្រចាំផលិតកម្មថោនមុននេះឃើញនៅលើបណ្ដាញសង្គមរំលេចរូបមួយសន្លឹកស្ថិតជាលក្ខ​ណៈ​គ្រួសាររួមឪពុកម្ដាយ និងបងប្អូនគ្រាខ្លួននៅតូចៗ។

តារាប្រុសល្បីស្នេហ៍ជាមួយតារាសម្តែងវ័យក្មេង សម្រស់ស្រស់ផូរផង កញ្ញា ម៉ៅ គឹម ធីតា ក៏រៀបរាប់សារនឹករលឹកថា «នេះជារូបថតមួយសន្លឹកគត់នៅក្នុងជីវិតរបស់ខ្ញុំដែលបានថត​រូបជុំជាមួយលោកពុកអ្នកម៉ែនិងបងប្អូនខ្ញុំពីនាក់ទៀត ស្នាមញញឹមក្នុងរូបថតនេះពិត​ជាស្អាតណាស់វាបានបង្ហាញពីក្ដីសុខនិងសុភមង្គលយ៉ាងពិតប្រាកដ»។

ពីសំណេរបង្កប់អត្ថន័យក្ដុកក្ដួលទៀតថា «តែពេលនេះលោកពុកបានស្លាប់ចោលពួកខ្ញុំ១១ឆ្នាំហើយ ខ្ញុំនឹកពុកណាស់ ហើយបងប្រុសក៏ឃ្លាតចាកចេញទៅធ្វើការនៅស្រុកគេ ១២ឆ្នាំហើយដែលមុនលោកពុកស្លាប់ទៀតគាត់មិនបានឃើញមុខលោកពុកចុងក្រោយ​ផង​ក៏ព្រោះតែជីវភាពគ្រួសារ ខ្ញុំស្រលាញ់ម៉ែណាស់ម៉ែ បងប្រុស និងប្អូនប្រុសខ្ញុំស្រលាញ់ទាំងអស់គ្នាណាស់ កូនសូមសន្យាចំពោះវិញ្ញាណក្ខន្ធលោកពុកដែលកំពុងនៅឋានសួគ៌ កូននឹងតស៊ូកូននឹងរឹងមាំដើម្បីដោះស្រាយបញ្ហាដល់ដង្ហើមចុងក្រោយ»។