ត្បូងឃ្មុំ ៖ ពលរដ្ឋអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញក្តី រីករាយជា ពន់ពេក ក្រោយពេលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដាក់​ចេញវិធានបន្ទាន់ឆ្លើយតបតាមសំណូមពរខ្លួន ដោយចាត់បញ្ជូនមន្ត្រី និង​ឧបករណ៍​ធ្វើរោគ​វិនិច្ឆ័យជំងឺប៉េស្តជ្រូកអាហ្វ្រិកបើកផ្លូវឱ្យមានការលក់ដូរជ្រូក​របស់​ពួក​គេដោយ​ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចិញ្ចឹមជ្រូកប្រមាណ ៨៤៨​គ្រួសារ ជ្រូកដែលចិញ្ចឹមទាំងកូន មេ និងចិញ្ចឹមយកសាច់ មានចំនួនជាង ៩ពាន់​ក្បាល មកដល់​បច្ចុប្បន្នជំ​ងឺបេស្តជ្រូកធ្វើឱ្យងាប់ជ្រូកជាច្រើនក្បាលមកហើយ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ក៏បានសម្រេចបញ្ជូនមន្ត្រីជំនាញ រួមទាំងឧបករណ៍​សម្រាប់ធ្វើរោគ​វិនិច្ឆ័យ​ផង​ទៅ​កាន់តំបន់ផ្ទុះជំងឺប៉េស្តជ្រូក ក្នុងបំណងធ្វើរោគវិនិច្ឆ័យរកជំងឺប៉េស្តជ្រូក​ឱ្យបាន​ឆាប់​រហ័សសម្រួលដល់ការលក់ដូរជ្រូករបស់ប្រជាពលរដ្ឋ។ លោករដ្ឋ​មន្ត្រី បានបញ្ជាក់ថា ក្នុងករណីលទ្ធផលនៃការវិភាគសំណាកឈាមជ្រូក មិនមានវត្តមាន​ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិក​ទេនោះ ក្រសួងនឹងអនុញ្ញាតឱ្យធ្វើការលក់សត្វជ្រូកចេ​ញពី​តំបន់​កើត​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក ដើម្បីផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋអាចទទួលបាន​ប្រាក់​ចំណូល ក្នុងការទូទាត់ចំណាយ​ដែលបានខិតខំចិញ្ចឹមកន្លងមក។