ភ្នំពេញ៖ បន្ទាប់ពីចេញបទ “My សង្សារ” បានធ្វើឲ្យតារាចម្រៀងស្រីសាច់សខ្ចីផលិតកម្មហង្សមាស ទេព បូព្រឹក ល្បីរន្ធឺកាន់តែខ្លាំងក្នុងស្រទាប់មិត្តៗយុវវ័យ ។ ថ្មីៗនេះ ក្មេងស្រីម្នាក់បានលើកយកបទ My សង្សារ មកច្រៀងផង និងដេញហ្គីតាផង ធ្វើឲ្យមហាជនទូទៅស្ញើចសរសើរនឹងសមត្ថភាពមួយនេះមិនដាច់ពីមាត់ថា “ក្មេងស្រីម្នាក់នេះ ច្រៀងពិតជាពិរោះរណ្តំសមនឹងសាច់ភ្លេងហ្គីតារន្ថាន់ប្រកបដោយភាពប៉ិនប្រសប់មែនទែន” ។

ភ្លាមៗនោះ តារាចម្រៀងដែលជាម្ចាស់បទ My សង្សារ ផ្ទាល់បានស៊ែរវីដេអូរបស់ក្មេងស្រី ដោយសរសេរសរសើរថា “អស្ចារ្យណាស់! ស្រស់ស្អាត គួរឲ្យស្រលាញ់ ហើយច្រៀងពិរោះទៀត” ។ តារាចម្រៀងរូបនេះក៏សង្ឃឹមយ៉ាងមុតមាំថា “នឹងមានថ្ងៃណាមួយយើងច្រៀងជាមួយគ្នា ដោយឲ្យប្អូនស្រីជាអ្នកលេងហ្គីតា” ។ មហាជនគ្រប់មជ្ឈដ្ឋានកំពុង​តែ​រង់ចាំមើលថាក្តីសង្ឃឹមរបស់តារាចម្រៀងរូបស្រស់ ទេព បូព្រឹក្ស នឹងអាចក្លាយជាការពិតដែររឺទេ? ប៉ុន្តែបើកញ្ញា ទេព បូព្រឹក្ស មានបំណងដូច្នេះពិតប្រាកដមែន គិតថាមិនមែនជារឿងពិបាកបន្តិចសោះ ព្រោះក្មេងស្រីម្នាក់នោះកំពុងតែចង់ច្រៀងជាមួយ Idol ស្រាប់ ៕