ភ្នំពេញ: ក្រោយ​ការ​សំងំ​ធ្វើជា​អាជីវករ​លក់​សម្លៀក​បំពាក់​អស់​ពេល​ជាង ១០ ឆ្នាំ​ក្រោយ​ពីការ​ចែក​ផ្លូវ​ស្វាមី​យ៉ាង​ស្ងាត់​កំបាំង​ផង​នោះ​អ្នកនាង ឡាយ លក្ខិណា តារា​សម្តែង​រួម​ជំនាន់​អ្នកនាង នឿន ចាន់​ធឿន និង​អតីត​តារា​ស្រី​ឡើង​ងារ​ជា​ជំទាវ ស្រី​តូច ចំណាន និង​អ្នកនាង ឱក បូរី អ្នកនាង​ក៏បាន​អះអាង​ថា រហូត​មក​ទល់​ពេលនេះ​នៅ​មិនទាន់​មានគូ​កំដរ​ជីវិត​ជាថ្មី​នៅ​ឡើយ តែ​ក៏មិន​អត់​អ្នក​ស្រឡាញ់​នោះ​ដែរ។

គួររំឭក​ថា នៅ​ក្រោយ​ការបោះ​ជំហាន​ប្រឡូក​ក្នុង​អាជីព​តារា​សម្តែង​បាន​ប្រមាណ​ជា ៣ ទៅ ៤ ឆ្នាំ អ្នកនាង ឡាយ លក្ខិណា ក៏បាន​ឱកាស​ល្បី​ឈ្មោះ​យ៉ាង​រន្ទឺ​ជាមួយ​រូបឆោម​សម្ផស្ស​ដ៏ស្រស់​ផូរផង់​មុខ​ញញឹម​មាន​មន្ត​ស្នេហ៍។

រំពេច​នោះ​នា​អំឡុង​ឆ្នាំ ២០០៥ តារា​សម្តែង​ញញឹម​លេច​ចេញ​ថ្ពាល់​ខួច​រូបនេះ​បាន​ផ្អាកពី​អាជីព​សម្តែង​ទៅ​តោង​អាជីព​ថ្មី​ធ្វើជា​អាជីវករ​លក់​សម្លៀក​បំពាក់​យ៉ាង​សាមញ្ញ​នៅ​ផ្សារ​អូរឫស្សី​ក្រោយ​បែក​បាក់​ស្វាមី​ដោយ​អាថ៌កំបាំង។

ខណៈ​ការ​បង្ហើប​ពី​មិត្តភក្តិ​នៅ​ឈរ​ជើង​រឹង​នឹង​ការងារ​សិល្បៈ​ថា ឡាយ លក្ខិណា ងារ​តារា​សម្តែង​រូប​ស្រស់ ពេល​នេះ​សម្ផស្ស​នាង​នៅ​តែ​ជាមន្ត​ស្នេហ៍​ទាក់ទាញ​បុរសៗ​ឲ្យលង់​នឹង​នាង​ហើយក៏​មានអ្នក​តាម​ស្រឡាញ់​អ្នក​មេម៉ាយ​នេះ​ច្រើន​ដែរ។ ប៉ុន្តែ​យ៉ាងណា បុប្ផា​នៅ​រក្សា​ក្លិន​ស្នេហ៍​ទាំង​កន្លង់​ក្រេប​ម្តង​ហើយ​នោះ​ក្តី អ្នកនាង ឡាយ លក្ខិណា បែរជា​ត្អូញ​ផ្ទុយពី​ការទម្លាយ​របស់​មិត្ត​រួម​អាជីព។

អ្នកនាង​បាន​បង្ហើប​ចំៗ​ថា រហូត​ពេល​នេះ នៅ​មិនទាន់​មានគូ​ទេ។ ក្នុង​ជំនួប​ចូលរួម​នឹង​ការងារ​សង្គម​ជាមួយ​នឹង​សមាគម​សិល្បករ​ខ្មែរ​ដែល​រំលង​វេលា​ថ្មីៗ​អ្នក​មេម៉ាយ​សាច់​ចាំ វ័យ ៣៥ ឆ្នាំ ឡាយ លក្ខិណា បាន​ពោល​ថា៖ «បើ​និយាយ​ពីមនុស្ស​ពិសេស​ជា​ផ្លូវការ​គឺ​ខ្ញុំអត់​ទាន់​មាន​នោះ​ទេ មាន​អ្នកគេ​ស្រឡាញ់​យើង​តែ​យើង​ចេះតែ​ជ្រើស​យក​ម៉េច​កើត​ទៅ?»។

បន្ទរ​នឹងការ​លើក​ឡើង​ពី​ទស្សនៈ​ចាស់​បុរាណ​ដែល​ថា យូរ​មិន​ប្រាកដ​ថា​យឺត លឿន​មិន​ប្រាកដ​ថា​យូរ អ្នកនាង ឡាយ លក្ខិណា ក៏បាន​បង្ហាញ​ហេតុផល​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ត្រូវការ​ស្វែង​យល់​ចិត្ត​បុរស​ម្នាក់​ដែល​ថា មក​ស្រឡាញ់​ខ្ញុំឲ្យ​ច្បាស់​សិន​មុននឹង​ឈាន​ដល់ការ​សម្រេច​អនាគត»។

តារា​សម្តែង​ដែល​គ្រវែង​ចោល​ប្រជាប្រិយភាព​សិល្បៈ​មក​សំងំ​ធ្វើ​អាជីវក​លក់​ខោអាវ​យ៉ាង​ស្ងប់​សុខ​រូបនេះ​អះអាង​ទៀត​ថា៖ «នៅពេល​នេះ​ខ្ញុំគ្មាន​គម្រោង​រៀបការ​ឆាប់ៗ​ទេ តែខ្ញុំ​នឹង​រៀបការ​បើសិន​ជាខ្ញុំ​មាន​មនុស្ស​ពិសេស​ម្នាក់​ហើយ​គឺនឹង​បំពេញ​តាម​ប្រពៃណី​ខ្មែរ​យើង។ ខ្ញុំចង់​បាន​អ្នកណា​គេ​ស៊ីចង្វាក់​ជាមួយ​យើង​យល់​ចិត្ត​យើង មិនមែន​ថា យើង​រក​អ្នកណា​ល្អ​ឥតខ្ចោះ​នោះ​ទេ តែ​អ្នកណា​ក៏ប្រាថ្នា​ចង់​បាន​អ្នក​ល្អ​ដែរ»។

ថ្មីៗក៏​មានការ​បង្ហើប​ផងដែរ​ថា មាន​ផលិតកម្ម​មួយ​ចំនួន​បាន​ព្យាយាម​ទាក់ទង​អ្នកនាង ឡាយ លក្ខិណា ឲ្យ​សម្តែង​ភាពយន្ត​សាជាថ្មី តែ​អតីត​តារា​ល្បីល្បាញ​រូបនេះ​ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​វិល​ត្រឡប់​រក​អាជីព​ចាស់​វិញ​នេះ។

បកស្រាយ​ពីការ​ទម្លាយ​នេះ អ្នកនាង​ឡាយ លក្ខិណា ក៏បាន​បង្ហាញ​ចំៗ​ឈ្មោះ​ផលិតកម្ម​ដែល​ចង់​បាន​នាង​ទៅ​សម្តែង ដោយ​នាង​ក៏បាន​ប្រាប់​ថា៖ «ពីមុន​មាន​ខាង​ផលិតកម្ម​ថោន​គាត់​បាន​ទាក់ទង​ឲ្យ​ខ្ញុំថត​រឿង​ភាគ​ខ្នាតធំ​មួយ​មែន នោះ​គឺ​រឿង «រៃមាស» តែ​ខ្ញុំបាន​ប្រកែក​ទៅ​គាត់ ព្រោះ​ខ្ញុំខាន​សម្តែង​យូរពេក​អ៊ីចឹង ខ្លាច​តែ​លេង​ទៅ​មិន​ដល់ ដូច​អត់សូវ​មាន​ទំនុកចិត្ត​សោះ​អ៊ីចឹង​អត់​ទាន់​ទទួល»។

ប៉ុន្តែ​អ្នកនាង ឡាយ លក្ខិណា បន្តថា៖ «តែខ្ញុំ​មិនមែន​អត់​សម្តែង​រហូត​ទេ គឺខ្ញុំ​ត្រូវការ​ពេលវេលា​សិន។ អ៊ីចឹង​ហើយ​ខាង​ផលិតកម្ម​ក៏បាន​យល់​ពី​ហេតុផល​នេះ​ដែរ»៕