ភ្នំពេញ ៖ អ្នកជំនួញល្បីឈ្មោះព្រោះចាយលុយធំ​នាម ឌីម សួនណាត ដែលជាម្ចាស់​ក្រុម​​ហ៊ុ​ន អ៊ី​ណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក (ENARITA DEVELOPMENT CO.,LTD.) កំពុង​រង​នូវព័ត៌​មាន​ដ៏កក្រើក​ ខណៈ​រូបលោក​ត្រូវបាន​ប្រភព​ទម្លាយ​ថា​កំពុង​ធ្លាក់​ក្នុងរឿងក្តី​ក្តាំ​ចិញ្រ្ចាំ​ភាព​ស្មោះ​ ដោយ​​ត្រូវ​ជាប់បណ្តឹងពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ច​ចំពោះ​ឧបករណ៍ដែល​អាចជួញដូរបាន ស្របពេល​មហាជន​ផ្ទុះ​ការភ្ញាក់ផ្អើលជាខ្លាំង ខណៈ​តារាសិល្បៈជាច្រើន​ដួង​ដែលសុទ្ធសឹង​ជាអ្នកដាក់ហ៊ុនរកស៊ីរួម​ម្ចាស់ជំនួញដ៏ធំសម្បើម​នេះ​នៅតែ​ជឿជាក់លើ​រូប​លោក។

ជាមួយនឹងការប្រកាស​ព័ត៌មានទាំង​ការចាប់ខ្លួនផងនោះកវីល្បី​និពន្ធ​ឆ្នើមចូលចិត្ត​​ភាព​សាមញ្ញ ងួន សុបិន ក៏​ឆ្លើយ​តបតាមរយៈ តារាញូស៍ ជុំវិញរឿង​នេះថា «មិនដឹ​ងថាគេប្តឹង​លើអីខ្លះ​ទេ  តែយើង​នៅគាំទ្រលើជំហរ របស់គាត់  មានតែពេលវេលាទេ ដែលអាច​បង្ហា​ញភាពស្អាតស្អំ​ជូន​គាត់​បាន ពួកខ្ញុំក៏វិនិយោគដែរ តែខ្ញុំ​មិនភ័យទេ ព្រោះមេគាត់​នៅដោះ​ស្រាយ​​រហូត​ហ្នឹង»។

បន្ថែមដោយសម្តីម៉ឺងម៉ាត់​ គួរទុកចិត្តបាន អ្នកនិពន្ធ​បាន​ទាំងសម្លេង​ច្រៀង​ចម្រៀង​ពិរោះ​ ងួន សុបិន បាន​បញ្ជាក់​ព្រមដោយការអំពាវនាវផងថា «ចង់សំណូមពរដល់អតិថិជន  ដែ​ល​​ជាគ្រួសារ ENARITA ទាំងអស់ដែលវិនិយោគជាមួយក្រុមហ៊ុន  គួរតែទុកពេល​អោយ​​គាត់​​ដោះស្រាយ  តាមគោលការណ៍ក្រុមហ៊ុនទៅ   ទូកមួយជិះរួមគ្នា​បើម្នាក់ៗ​ជាន់​ពន្លិច​មិន​លង់​ស្លាប់ទាំងអស់គ្នាទេអី  អ្នកមានមិនអីទេ ចុះអ្នកអត់ មិនងាប់​ចោល​ឆ្អឹង​បាត់ហើយ ទុក​ពេល​អោយគាត់ដូ​ចទុកពេលអោយខ្លួនឯងដែរ  សូមពិចារណា​ម្តង​ទៀតផង សូមអរគុណ ខ្ញុំក៏​វិនិយោគដែរ»។