ព្រះសីហនុ ៖ កាលពីពេលកន្លងទៅ ពលរដ្ឋជាច្រើននាក់ផ្ទុះតវ៉ារឿងជនជាតិចិនដាក់ប៉ារ៉ាស់ (កុងត្រូល) ផ្លូវចូលឆ្នេរមាសឆ្នេរពេជ្រ ហាមឃាត់មិនឱ្យចេញចូលដូចអ្នកទោស ព្រមអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគម៍។ យ៉ាងណាមិញនៅថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះ រឿងហេតុខាងលើក៏បានផ្ទុះសារជាថ្មី ហើយកាន់តែខ្លាំងជាងកាលពីថ្ងៃមុន ដោយពលរដ្ឋបាននាំគ្នារុះរើរបាំងកុងត្រូល ហើយក៏ផ្ទុះជាអំពើហឹង្សា ដែលបណ្ដាលឱ្យពលរដ្ឋមួយចំនួនត្រូវឃាត់ខ្លួនដើម្បីសាកសួរ និងជនជាតិចិនម្នាក់រងបួសស្រាល។

បើតាមប្រភពពីមន្ត្រីមូលដ្ឋានឃុំរាមស្រុកព្រៃនប់ ថ្លែងក្នុងលក្ខខណ្ឌ័មិនបញ្ចេញឈ្មោះថា ករណីពលរដ្ឋផ្ទុះការតវ៉ាឈានដល់រុះរើរបាំងកុងត្រូលនេះ ដោយសារពលរដ្ឋមានកំហឹងជាមួយខាងក្រុមហ៊ុនចិន «យិះជៀ» ដែលដាក់របាំងកុងត្រូលបង្កផលពិបាកដល់ពលរដ្ឋ ដែលមានលំនៅដ្ឋានប៉ែកខាងក្នុង ពេលចេញចូលផ្ទះម្តងៗ និងថាកន្លងមកប្រជាពលរដ្ឋបានស្នើសុំអោយក្រុមហ៊ុនបើកផ្លូវអោយពួកគាត់ងាយស្រួលធ្វើដំណើរតាមសម្រួលដែរ ប៉ុន្តែគ្មានដំណោះស្រាយ ហើយក៏បណ្ដាលផ្ទុះជាហិង្សាបែបនេះ៕