កំពង់ចាម៖ ផ្ទុះក្ដីអាណិតអាសូរពេញបណ្ដាអ្នកលេងសង្គម ខណៈគណនីមួយឈ្មោះ ព័ត៌មាន សារាយផ្កាយព្រឹក បានបង្ហោះវីដេអូរបស់ក្មេងប្រុសម្នាក់ដ៏កម្សត់ ត្បិតត្រូវពិការភ្នែកពិបាកជាពន់ពេកក្នុងរស់នៅប្រចាំថ្ងៃ ហើយក្រុមគ្រួសារក៏មិនមានលទ្ធភាពយកទៅព្យាបាលទៀតសោត កុមារកម្សត់ក៏ត្រូវរងទុក្ខវេទនាតាមយថាកម្មរបស់ខ្លួន។ មិនតែប៉ុណ្ណោះ កុមារដ៏មហាអត់ធ្មត់ ស្រែកឃ្លាននឹងការសិក្សារូបនេះ ក៏មិនព្រមបោះបង់ការព្យាយាមរបស់ខ្លួនឡើយ ដោយខំទៅរៀនយ៉ាងទៀងទាត់មិនដែលខកខាន តែប្រាណននៀលក្បាលស្ទើរដល់សៀវភៅ ពេលសរសេរនឹងអានមេរៀនម្ដងៗ ។

រំលេចពីក្ដីវេទនារបស់កុមាររូបនេះ ប្រភពខាងលើក៏បានរៀបរាប់ភ្ជាប់បន្ថែមយ៉ាងដូច្នេះដែរថា «ជួយស៊ែរផង គាត់គួរអោយអាណិតណាស់ ក្មេងប្រុសម្នាក់នេះគាត់រៀននៅសាលាព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គាត់ជាក្មេងម្នាក់ដែលស្លូត ហើយឧស្សាហ៍ព្យាយាម និងស្រេកឃ្លានកាសិក្សាខ្លាំណាស់ ទោះបីជាគាត់មិនមានភ្នែកភ្លឺល្អ និងលុយកាក់មករៀនដូចមិតរួមថ្នាក់របស់គាត់ក៏ដោយ»៕