ភ្នំពេញ៖ ក្នុងខ្សែជីវិតជាកូនកំព្រាឪពុកតាំងពីតូច ពេជ្រ ចរណៃ ក៏សង្ឃឹមជីវិតភ្លឺថ្លា លើវិថីសិល្បៈសម្តែង។ ប៉ុន្តែក្តីសង្ឃឹមនេះក៏ត្រូវរាំងស្ទះដោយមហាឧបសគ្គលើបញ្ហាសុខភាព គឺជំងឺបេះដូង ដែលនិងត្រូវចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីសង្គោះជីវិត។ អ្នកស្រី សុជាតា ជាម្ដាយរបស់ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ មុននេះបានប្រកូកប្រកាសទាំងក្តីតក់ស្លុតថា «កូនស្រីរបស់ខ្ញុំ ហើយនាងក៏ជាបង្គោលគ្រួសារតែមួយគត់ ពេជ្រ ចរណៃ ដែលជាតារាសម្តែងកំពុងទទួលបានការគាំទ្រ តែពេលនេះនាងត្រូវជំងឺបេះដូង ដែលមានពីកំណើតរើ ធ្វើទុក្ខខ្លាំង ហើយពេទ្យថា មានតែវះកាត់ទេ ទើបបានអាចសង្គ្រោះបាន»។

អ្នកស្រីបានបញ្ជាក់ថា «ពេទ្យប្រាប់ថាជំងឺ ចរណៃ បើមានប្រាក់ចំនួនពីរម៉ឺន ដុល្លារ វះកាត់បេះដូងនោះនាង នឹងមានសង្ឃឹម តែប្រាក់នេះមានចំនួនច្រើនណាស់ ខ្ញុំទៅរកណាបាន បើសព្វថ្ងៃអត់ពីកូនស្រីម្នាក់នេះ រកតែលុយបង់ផ្ទះមិនបានផងហ្នឹង»។ នៅថ្ងៃទី៣០ខែតុលានេះ ឃើញមានការផ្សព្វផ្សាយជាច្រើន នៅក្នុងបណ្តាញសង្គម ដែលបង្ហាញពីការបរិច្ចាកថវិកា ជួយឲ្យ តារាសម្តែង កញ្ញា ពេជ្រ ចរណៃ បានទៅវះកាត់ជំងឺបេះដូង ។

ទន្ទឹមនោះ ដែរលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ក៏បានប្រាប់តារាញូស៍ថា «សមាគមមិត្តសិល្បៈស្មគ្រចិត្ត ជួយសង្គម បានជួយបរិច្ចាកមូលនិធិសិល្បៈចាស់ជរា ជួយដល់តារាសម្តែង ពេជ្រ ចរណៃ ដែលមានជំងឺបេះដូងធ្ងន់ធ្ងរ»។ លោក ហេង ឡុង បញ្ជាក់ថា «ពេលនេះក្រុមគ្រួសារ ចរណៃ កំពុងស្វែងស្វែងរកថវិកា ដើម្បីយក ចរណៃ ទៅព្យាបាលជំងឺបេះដូងនៅប្រទេសថៃ ហើយសមាគមមិត្តសិល្បៈ ជាជំហ៊ានដំបូងជួយយ៉ាងណាឲ្យបានជា សោហ៊ុយចេញទៅវះកាត់សិន»។