ភ្នំពេញ៖ តារាកំប្លែងវិវឌ្ឍខ្លួនទៅជាតារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ នាយ ចឺម មួយរយៈហាក់កំពុងមានភាពមមាញឹកជាខ្លាំងដោយលោកតែងចេញមុខតាមកម្មវិធីទូរទស្សន៍ ខនសឺត ព្រមជាមួយបទចម្រៀងថ្មីៗជាច្រើនបទ។ ខណៈថ្មីៗនាយ ចឺមក៏ទើបរំលេចចម្រៀងថ្មីមានចំណងជើងថា «កាត់សក់ កាត់ចិត្ត» ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសាច់រឿងចាក់ដោតចិត្តចំៗតែម្តង។

ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្ងើលនោះបែរឃើញមហាជនមួយចំនួនផ្ទុះពាក្យរិះគន់ទៅវិញ ដោយមានពាក្យពោលឡើងដូចគ្នាថា «បទនេះចម្លងពីថៃ» ដែលជាហេតុធ្វើឲ្យនាយចឺម និងលោក ហ៊ាង ម៉េងហួរ ដែលជាអ្នកនិពន្ធទំនុកច្រៀងនោះក្តៅស្លឹកត្រចៀកជាខ្លាំង។

ភ្លាមៗនោះដោយលោក ហ៊ាង ម៉េងហួរ អ្នកនិពន្ធបទនេះបានសរសេរនៅក្នុងបណ្តាញស​ង្គ​ម​​ថា «សុំអត់យល់ ពួកខ្ញុំខំធ្វើចង់ងាប់ មានមាត់ចេះតែហា ១.ជួយផ្ញើបទថៃអោយខ្ញុំស្ដា​ប់​ផង ២.តើខ្ញុំយកទំនុកច្រៀងនេះពីណាមក ជួយបង្ហាញផង ខ្ញុំអោយ៥០,០០០$ ហ៊ឹម…ថាមិនចង់ផុសអីទេ តែវាពេកហើយ…»។ ជំនួបនោះនាយ ចឺម ក៏បានបន្ថែមថា «បើ Copy បទថៃ សុំជួយផ្ញើបទថៃអោយស្ដាប់ផង បទ កាត់សក់កាត់ចិត្ត គឺភ្លេងនិពន្ធថ្មីដោយស្នាដៃកូនខ្មែរ មិនជួយគាំទ្រទេ ហើយចោទថាគេថា copy ទៀត ទើសខុសបច្ចេកទេស»៕