ព្រះសីហនុ ៖ កាលពីថ្ងៃទី១៧ កក្កដា កន្លងទៅស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ត្រូវបាន ពលរដ្ឋ​ចំនួ​ន​៣០គ្រួសារ ស្នើទៅអាជ្ញាធរ ឃុំទឹកល្អក ស្រុកព្រៃនប់ មិនអោយស្ត្រីរូបនោះ ចេញទៅ​ធ្វើ​ការ​នៅឆ្ងាយពីស្រុកភូមិ បន្ទាប់ស្ត្រីខាងលើនេះ ត្រូវបានពលរដ្ឋអះអាងថា បាន​ជំពាក់​លុយពួកគាត់ តាមបែបចងការប្រាក់ សរុបគិតតែប្រាក់ដើមជាង២០ម៉ឺនដុល្លា និង ជាង៩០លានរៀល ។

លោកមេឃុំទឹកល្អក បានបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១៧ កក្កដា ២០១៩ ពិតជាមាន​ប្រជា​ពលរដ្ឋ​​នាំគ្នាមកប្រមូលផ្តុំនៅសាលាឃុំ ដោយស្នើដល់អាជ្ញាធរឃុំជួយអន្តរាគមន៍ ឃាត់​មិនអោយស្ត្រីវ័យជាង ៣០ឆ្នាំ មួយរូប ឈ្មោះ ឃឿន ឃួន អាយុ៣២ឆ្នាំ មែន​ដោយ​ពួក​គេមិនឲ្យជនខាងលើ​ទៅធ្វើការនៅឆ្ងាយពីស្រុកភូមិ និងតម្រូវអោយស្ត្រីខាងលើ ដោះ​ស្រាយ​ពាក់ព័ន្ធនិងជំពាក់ប្រាក់សិន ។

ពលរដ្ឋដែលកំពុងជួបជុំ​គ្នានោះក៏បានលើកថាស្ត្រីឈ្មោះ ឃឿន ឃួន នេះបានដើរធ្វើ​សកម្មភាព ដើរប្រមូលប្រាក់ពីពួកគាត់ តាមបែបផ្តល់ការប្រាក់ មានគ្រួសារខ្លះ រយៈ​ពេល​៣ថ្ងៃ ទទួលបានប្រាក់ការពីស្ត្រីនោះម្តងហើយខ្លះរយៈពេល១អាទិត្យ ទើបបាន​ការប្រាក់​តាមលក្ខខណ្ឌព្រមព្រៀង មាត់និងមាត់ ដោយមិនមានក្រដាសស្នាមអ្វីឡើយ​មានគ្រួសារ​ខ្លះ​ជិត១០០០$ ខ្លះ ៣៥០០$ រហូតខ្លះដល់៨ម៉ឺនដុល្លារ ចំណែក​ស្ត្រីឈ្មោះ ឃឿន ឃួន ប្រាប់​ថា ចំពោះបញ្ហានេះគាត់មិនថាមិនសងទេ ដោយអះអាងថា ចាំលក់​ដីផ្ទះ និង​ដីស្រែ​បាននឹងសងខ្លះសិន ហើយបន្ទាប់មកខ្លួននឹ​ងចេញ​ទៅធ្វើការបាន ប្រាក់ខែស​ងរំលោះ​តាមរយៈតម្កល់ប្រាក់នៅសាលាឃុំ។