ភ្នំពេញ ៖ ព្រះសង្ឃ​ល្បីល្បាញរឿងសប្បុរស​ចែកទាន​ដល់អ្នកអត់ឃ្លាន​មិនរើស​អើង​ទាំងក្មេងចាស់ និងក្រអូបសាយភាយជាប់ងារ សង្ឃសាច់ស្អាតញញឹមស្រស់​ក្រោយបិទធ្មេញ​ស​ដូចតារានាមច្បាស់គុណម្ចាស់ កក្កដា សុភ័ណ្ឌ បានសម្រេចចិត្ត​លាចាកសិក្ខាបទ​ហើយ ក្រោយ​រងព្យុះភ្លៀង​ថតកុន​ខុសបច្ចេក​ទេស​ ធ្វើឲ្យមហាជន​ផ្ទុះ​នូវ​​កំហឹង​ខឹង​ ភេទជាសង្ឃ​បែរ​ជាទៅសម្តែង​ឈុតឆាក​ប្រៀបបាន​តួកុន​ ដោយអ្នកខ្លះ​ក៏​លើកដោយ​សម្តី​គួរក្រែង​សាស​នា​​​ព្រះសាមណគោត្តម​ថា «តេជគុណអើយ បើព្រះ​អង្គមាន​និស្ស័យ​ខាងសិល្បៈ ​ល្វតល្វន់​ហើយ គួរសឹកទៅប្រកបអាជីពនេះឲ្យពេញ​ដៃ​ពេញជើង និង​ទឹកព្រះទ័យ​ព្រះអង្គចុះ»។

ជាមួយគ្នានឹងការរិះគន់​ឥតសំចៃ​ ប្រៀបបាន​មេឃ​ដ៏ខ្មៅអួរអាប់ហៀបបង្អុរភ្លៀងចុះ លើ​ទំព័រ​ហ្វេសប៊ុកផ្លូវការ សាលាគណរាជធានីភ្នំពេញ ក៏បានចេញសារក្តៅប្រកាស​ភ្លែត​កោះហៅ​សង្ឃរហស្សនាម «ខ្យូត» មកធ្វើកិច្ច​សន្យា ដោយមានខ្លឹមសារទាំងស្រុងថា «សូមទូល ប្រគេ​ន និងចម្រើនពរ ជ្រាបថា ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិ​លេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមក​តាមរយៈ​រូបភាព​ក្លែងបន្លំ ( អលជ្ជី ) ក្នុងព័ត៌មានសង្គម គឺត្រូវបានមន្រ្តីសង្ឃ សាលាអនុគណ​ខណ្ឌដូនពេញ និមន្ត​មកដោះ​ស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហើយ»។

បង្ហាញភ្ជាប់លាយឡំរូបភាព​មន្រ្តីសង្ឃ​ជំនុំទាំងយប់ មានទាំងកិច្ច​សន្យា​ផ្តិតមេដៃ​ក្រហមខៀវ​ពី​អន្ទិត កក្កដា សុភ័ណ្ឌ សាលាគណរាជធានីភ្នំពេញ បាន​បន្ថែមបញ្ចប់​មន្ទិល ​និងរិះគន់ ​ថា «ជាលទ្ធផល ភិក្ខុអង្គនេះបាន លាចាកសិក្ខាបទរួចរាល់ហេយ តាមកិច្ចព្រមព្រៀងរ​បស់​សាម៉ី​ខ្លួន ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់នេះ។ អាស្រ័យហេតុនេះសូម សាធា​រណ​ជនទាំងអស់មេត្តាជ្រាប»។