កំពង់ធំ ៖ យុវវ័យម្នាក់រស់នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកើតជំងឺធ្ងន់ធ្ងររហូតប្រែទៅជាស្វិតដៃជើងដើរមិនបាន ត្រូវដេកលើគ្រែដង្ហក់រកខ្យល់ ស្គមសល់តែស្បែកដណ្ដប់ឆ្អឹង ដែលម្ដាយជាអក្នកមើលថែ ។

បើតាមប្រភពពីទំព័រហ្វេសប៊ុកឈ្មោះ Happy Shared បានរៀបរាប់ភ្ជាប់បន្ថែមវីដេអូដូច្នេះទៀតថា «ម្ដាយអស់លទ្ធភាពមើលកូនហើយ ពីមុនប្អូនធ្លាប់ធ្វើការរកប្រាក់ចិញ្ចឹមម្ដាយ ឥឡូវធ្លាក់ខ្លួនឈឺនិយាយក៏មានចេញ ដៃជើងស្វិតអស់ដើរពុំរួច សូម្បីតែលើកដៃក៏មិនរួចដែរ ម្ដាយខំខ្ចីលុយគេយកមកព្យាបាលគ្រប់កន្លែងរហូតដល់ជំពាក់គេជាច្រើននៅតែពុំបានធូរស្បើយ» ។

តែបើតាមសម្ដីរបស់ស្ត្រីដែលជាម្ដាយយុវជន បានឱ្យដឹងដូចហនេះដែរថា កូនប្រុសរបស់គាត់បានធ្លាក់ខ្លួនឈឺនេះអស់រយៈពេលជិតមួយឆ្នាំហើយ ហើយក៏បានយកទៅមន្ទីរពេទ្យខេត្ត ដោយគ្រូពេទ្យបានប្រាប់យុវជនរូបនេះមានជំងឺប្រហោងបេះដូង ពោះវៀនក្រពះ រលាកទងសួត និងទឹកនោមផ្អែម ទើបធ្វើឱ្យយុវជនមានសភាពកាន់តែដុនដាបទៅបែបនេះ ៕