ប៉ៃលិន ៖ លើបណ្តាញទំនាក់ទំនងសង្គមបានធ្វើការចែកចាយ​រូបថតនារីវ័យកណ្តាល​ម្នាក់ ភ្ជាប់ដោយព័ត៌មានរៀបចំ ស្ត្រីជាមន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់ពូកែខាងទ្រឹស្តី សម្តី​ផ្អែម​ពីរោះធ្វើឱ្យគេជឿទុកចិត្ត រហូតដល់ហ៊ានប្រគល់ប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីឱ្យ​យ​កទៅ​ទិញ​ដីរត់ការប្លង់ ស្រាប់តែត្រូវស្ត្រីជាមន្ត្រីសុរិយោដីរូបនេះ​យកទៅទិញ​ដីដាក់​ឈ្មោះខ្លួនឯង និងយកលុយនោះទៅសាងសង់ផ្ទះសំណាក់ផ្ទាល់ខ្លួន ធ្វើឱ្យម្ចាស់លុយកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីឆបោកខាងលើយកទៅចាត់ការតាមច្បាប់។

បន្ទាប់ពីម្ចាស់ប្រាក់ប្តឹងពាក់ព័ន្ធនឹងករណីឆបោក កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តប៉ៃលិន បានចុះឃាត់ខ្លួននិងបញ្ជូនខ្លួនស្ត្រីជាមន្ត្រីសុរិយោដីរូបនោះទៅតុលាការនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីដោះស្រាយតាមនីតិវិធី។ តែទោះបីជាយ៉ាងណាស្ត្រីសង្ស័យខាងលើមិនព្រមសារភាពនិងទទួលសងលុយគេវិញនោះទេ ទើបនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ ម្ចាស់លុយរកមេធាវីដើម្បីធ្វើការដោះស្រាយបន្តនៅក្នុងតុលាការខេត្តប៉ៃលិន។

តាមប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ស្ត្រីសង្ស័យខាងលើមានឈ្មោះរឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្ត្រីសុរិយោដី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ កាលពីប៉ុន្មានឆ្នាំមុនពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី។ ចំណែកជនរងគ្រោះជាម្ចាស់ប្រាក់សុំមិនបញ្ចោញឈ្មោះ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ រីឯលុយដែលត្រូវចាញ់បោកគេមានចំនួនជាង២០ម៉ឺនដុល្លារ។

ប្រភពដដែលបន្តថា ដំបូងឡើយជនរងគ្រោះបានពឹងពាក់ឱ្យស្ត្រីឆបោកខាងលើ យកលុយទៅរកទិញដីតម្លៃជាង៣០ម៉ឺនដុល្លារ លុះម្ចាស់ប្រាក់ទើបតែប្រគល់ឱ្យជាង២០ម៉ឺនដុល្លារ ដើម្បីយកទៅកក់ថ្លៃដីនិងរត់ការប្លង់ ស្រាប់តែស្ត្រីខាងលើមិនដាក់ឈ្មោះម្ចាស់ប្រាក់នោះទេ ដោយដាក់ឈ្មោះខ្លួនឯងជំនួស ហើយតែងតែនិយាយកុហក់ម្ចាស់ប្រាក់និងម្ចាស់ដី ដោយបង្វែរមិនឱ្យពួកគេជួបគ្នាអស់រយៈពេលជាច្រើនខែហើយ ព្យាយាមគេចមុខថែមទៀត លុះម្ចាស់ប្រាក់សង្ស័យក៏តាមរហូតដល់ជួបម្ចាស់ដី ទើបដឹងរឿងពិតប្រាកដថា ស្ត្រីជាមន្ត្រីសុរិយោដីខាងលើជាជនឆបោកអស់រាប់ម៉ឺនដុល្លារ។

ពាក់ព័ន្ធនឹងបញ្ហានេះលោកសូ សុខុន ប្រធានមន្ទីរសុរិយោដីខេត្តបានទទួលស្គាល់ថា ស្ត្រីជាជនឆបោកឈ្មោះរឿន ចរិយា ពិតជាមន្ត្រីរបស់លោកប្រាកដមែន ដោយទទួលបន្ទុកផ្នែកលំនៅឋានពីមុនជាមន្ត្រីផ្នែកភូមិបាលក្រុង។ លោកបន្តទៀតថា ស្ត្រីខាងលើត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ បន្ទាប់ពីមានការពាក់ព័ន្ធនឹងករណីឆបោកលុយកាក់គេអស់រាប់ម៉ឺនដុល្លារ។