ក្រចេះ ៖ ស្របពេលសត្វផ្សោតគឺជាសត្វដែលកំពុងតែអភិរក្ស និងជាសត្វដ៏កម្រ ស្រាប់តែថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ ពលរដ្ឋប្រទះឃើញសាកសពសត្វផ្សោតមួយក្បាល អណ្ដែតទឹកទន្លេនៅម្តុំ ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ។

បើយោងតាមសម្ដីរបស់លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានអះអាងថា សត្វផ្សោតឈ្មោលមួយក្បាល មានប្រវែង១,៩៨សង់ម៉ែត្រ មានទំងន់ប្រមាណ១០១គីឡូក្រាម ជាសត្វផ្សោតដែលមានអាយុចន្លោះពី១៥ ទៅ១៨ឆ្នាំបានស្លាប់កាលពីថ្ងៃទី២២ ខែកក្កដា ដោយបានសន្និដ្ឋានថា មានជនខិលខូចលួចធ្វើនេសាទក្នុងតំបន់ហាមឃាត់។

ហើយជាមួយគ្នានោះដែរ មន្ត្រីអង្គការ WWF ដែលជាអង្គការដៃគូក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះបានឲ្យដឹងថា នេះជាសត្វផ្សោតទី៥ ហើយដែលបានស្លាប់តាំងពីខែមករា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ចំណែកចំនួនកូនផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះដែរ មានចំនួនត្រឹម១០ក្បាល។