រតនគិរី៖ ក្រោយពីស្រាវជ្រាវដំណើររឿងអស់រយៈពេលប៉ុន្មានថ្ងៃ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រកាសសម្រេចដាក់ទណ្ឌកម្មអ្នកគ្រូពេទ្យខ្វះក្រមសីលធម៌ ប្រើអំពើមិនគួរគប្បីទះកំភ្លៀងអ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយពិន័យអោយស្ថិតក្នុងភាពទំនេរគ្មានប្រាក់បៀវត្សរយៈពេល ១ឆ្នាំ។

ក្នុងការដាក់ពិន័យនេះ សេចក្ដីប្រកាសក៏បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះទៀតថា ក្របខ័ណ្ឌរបស់លោកស្រី ណុប យ៉ុម ត្រូវរក្សាទុកនៅអង្គភាពសាម៉ីខ្លួនដដែល និងតម្រូវឱ្យដាក់ពាក្យសុំចូលបម្រើការងាររបស់ខ្លួនវិញ ឲ្យបានមុនពេល២ខែមុនពេលផុតកំណត់ នៃរយៈពេលស្ថិតក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស ក្នុងករណីហួសកាលបរិច្ឆេទនេះ ត្រូវចាត់ទុកជាការបោះបង់ចោលការងារ ៕