ភ្នំពេញ ៖ ត្រឹមតែរយៈពេលដ៏ខ្លីប្រមាណ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៤ ខែកក្កដា មកទល់ថ្ងៃទី២៦ ខែកក្កដា នេះ ព្រះរាជអាជ្ញាពីររួបត្រូវបានដកតំណែង និងផ្អាកជាបណ្ដោះអាសន្នក្នុងករណីមានស្រីក្បត់ចិត្តប្រពន្ធ ដោយជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះ លោកព្រះរាជអាជ្ញារងខេត្តកោះកុង អ៊ង រី ត្រូវលោក អង្គវង្ស វឌ្ឈនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដកពីតំណែង ឲ្យមកបម្រើការនៅក្រសួងយុត្តិធម៌ជាបណ្តោះអាសន្ន ដោយលោករាជអាជ្ញារងរូបនេះ ប្រព្រឹត្តអំពើមិនគួរគប្បីដឹកស្រីស្នេហ៍សាច់ស្រស់ ទ្រូងស្អាត ឡើងផ្ទះសំណាក់ ទាំងរាត្រី ប្រពន្ធតាមទាន់យំឡាំប៉ា អំពាវនាវដល់សម្ដេចចាត់ការ។

ស្រដៀងគ្នានេះផងដែរ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានសម្រេចផ្អាកមុខតំណែងជាបណ្តោះអាសន្នសិន នៅថ្ងៃទី ២៥ ម្សិលមិញនេះ ក្រោយពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ លួចផិតក្បត់។ ដោយយោងទៅតាមពាក្យបណ្ដឹងរបស់លោកស្រី ហ៊ាន លក្ខិណា ដែលត្រូវជាប្រពន្ធដើម របស់លោក ជា ពេជ្រ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ពីបទផិតក្បត់ បន្ទាប់ពីលោកស្រីបានរកឃើញថា លោក ជា ពេជ្រ មានលួចលាក់ប្រពន្ធចុងរហូតមានកូនប្រុសម្នាក់ថែមទៀត ៕