ស្វាយរៀង ៖ កូនប្រុសចិត្តខ្មៅព្រះលែងប្រោស​ម្នាក់បានចាប់​ម្ដាយចងស្លាបសេក​ផ្អោប​នឹង​សសរផ្ទះ ត្រូវសមត្ថកិច្ច​នគរបាលទៅជួយអន្តរាគមន៍ ស្រាយចេញវិញ រួចយកខ្សែ​ចំណង​នោះ ចងដៃចង​ជើងកូនចិត្តខ្មៅនោះវិញ ដើម្បីសាកសួរ ហេតុការណ៍នេះ បានកើត​ឡើង​កាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ។​ជន​សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ឆោម មាន ហៅ ពេជ្រ អាយុ២៤ឆ្នាំ មុខរបរ​មិន​​ពិតប្រាកដ រស់ក្នុងភូមិ ឃុំ ខាងលើ ចំណែកស្ត្រី​ជាម្ដាយ​រង​គ្រោះ ឈ្មោះ វ៉ា រ៉ន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ ។

បើតាមស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា មុនពេលកើតហេតុ ជនសង្ស័យ ត្រូវជាកូនប្រុសបានមកទារលុយពីគាត់ជាម្ដាយចំនួន២ម៉ឺនរៀល ដើម្បីយក​ទៅទុកហូបបាយ ពេលដើររកការងារធ្វើ ។ បន្ទាប់ពីបាន​លុយហើយ កូនប្រុសនោះក៏​បានបាត់​ខ្លួនពីផ្ទះ២ថ្ងៃ ស្រាប់តែនៅថ្ងៃកើតហេតុ ជនសង្ស័យក៏បានត្រឡប់មកវិញ ក៏បាន​ចាប់គាត់ចងគាត់ផ្អោបនឹងសសរក្រោមផ្ទះ ហើយវាយធ្វើបាបតាមអំពើចិត្ត ទើបបង្ក​ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរភូមិ នាំគ្នារាយការណ៍មកសមត្ថកិច្ចជួយ​អន្តរាគមន៍ និងឃាត់ខ្លួនបានតែម្ដង ។