បាត់ដំបង ៖ រូបភាពប៉ុន្មានសន្លឹកបានចែកចាយពេញបណ្ដាញសង្គម ស្របពេកដែលមហាជនស្ទើរតែទប់ទឹកភ្នែកពុំបាន នៅទិដ្ឋភាពក្មេងស្រីកម្សត់អត់ទាំងជម្រក ស៊ូអង្គុយរៀនកៀនតង់សៀវភៅមួយក្បាល ក្រោមដើមឈើគួរឱ្យសង្វេគ ស្រេកឃ្លានរៀនសិក្សា តែគ្មានលទ្ធភាព ហើយក៏មានគោលបំណងដ៏ធំមួយ ចង់មានឱកាសរៀនសូត្រខ្ពង់ខ្ពស់ដូចគេ។

នេះបើតាមគណនី Phalla Phorn ដែលជាប្រភពរំលេចរូបភាព ឆ្លៀតពោលសំណេរថា «ក្មេងៗកម្ពុជាខ្លះ គ្រាន់តែសុំមួយរស់ សុំមួយរៀន និងសុំមានការយកចិត្តទុកដាក់ ដូចជាក្មេងដទៃទៀត ពិតជាមិនងាយនោះទេ តួរយ៉ាងដូចជាក្មេងស្រីម្នាក់នេះអញ្ចឹង សូម្បីតែចង់មានឱកាសរៀនសូត្រអោយបានស្រួលបួលនឹងគេ ក៏នាងគ្មានឱកាស និងទីកន្លែងសមរម្យផង» ។

ប្រភពក៏បន្តទៀតថា «ខ្ញុំនឹងដាក់ពេលដើម្បីចុះទៅជួបនាងផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះខ្ញុំចង់ធ្វើអ្វីម្យ៉ាងសម្រាប់នាង ហើយបើមានអ្នកចង់ចូលរួមជាមួយនឹងខ្ញុំដែរនោះ វាពិតជាប្រសើរខ្លាំងណាស់ ដែលទីតាំងរបស់នាង ឋិតនៅភូមិកំប៉ូស្ទាវ ស្រុកបរវេល ខេត្តបាត់ដំបង» ៕