ភ្នំពេញ ៖ កាលពីម្សិលមិញនេះអ្នកប្រើប្រាស់បណ្តាញសង្គម​បានបង្ហាញនូវក្តីភ្ញាក់ផ្អើល​លា​យ​​ឡំ ភាពសោកស្តាយ ស្របពេល​សារព័ត៌មាន​បាន​ចុះផ្សាយ​យ៉ាងព្រោងព្រាត​ដោ​យថា តារា​ស្រីល្បីពហុជំនាញ ទូច ស្រីល័ក្ខ បាន​បែកបាក់ចំណងស្នេហ៍​ថែរាប់ឆ្នាំ​ជាមួយ​ប្តី​បរទេ​ស​ និងទទួលបាន​ចំណងដៃកូនប្រុស​ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតនោះ ហើយ​ចំពោះការ​សន្និ​ដ្ឋាន​នេះ ត្រូវគេដឹងថាធ្វើឡើង​ក្រោយតារាស្រីរូបនេះ​បង្ហោះរូប​ភាពកាត់​សក់ខ្លី ព្រមខ្លឹម​សារ​​សង្កត់​​ធ្ងន់ពាក្យពេចន៍ «មេម៉ាយមានអីមិនល្អ» ថា «សំនួរសួរមក​កាន់ខ្ញុំរាល់ថ្ងៃថា ហេតុអី្វ​ខ្ញុំ​កាត់​ស​ក់ ? មានហេតុ និងផល សំខាន់​ខ្ញុំបាន​សំរេចចិត្តវាគឺ​ជាជម្រើសដែរខ្ញុំ​ជ្រើសយក និង​ទទួ​ល​ការ​ពិតថា កាត់ហើយ ពេញចិត្តនឹង​ការសំរេចលើ​ខ្លួន​ឯង មេម៉ាយ​មាន​អីមិនល្អ»។

រំពេចពីមានការចុះផ្សាយពីការប្រេះឆាទំនាក់ទំនង​នេះ​ដែរ ឆ្លើយឆ្លងតាមរយៈទូរស័ព្ទ ជា​មួយក្រុមការងារ តារាញូស៍ តារាចម្រៀងស្រីកំពុងទទួលការចាប់អារម្មណ៍ពីមហាជន​ ទូច ស្រីល័ក្ខ ក៏បាន​រៀបរាប់​ទាំង​អស់សំណើចបន្តិចថា «អត់ទេ ខ្ញុំ និងស្វាមី​ នៅតែ​ធម្មតា​​ដដែល​​ទេតើ ហើយអ្វីដែល​ខ្ញុំបង្ហោះ រួមមានទាំងពាក្យ​ «មេម៉ាយមានអីមិនល្អ» នោះផង គ្រាន់​តែ​ជា​អត្ថន័យ​ក្នុងបទថ្មីដែលត្រៀមចេញឆា​ប់ៗខាងមុខនេះ ហើយចំពោះ​កាត់សក់ខ្លី​នោះ ក៏មិនមែន​ខូចចិត្តស្អិតទ្រូងអីដែរ គឺតម្រូវ​តាម​បទថ្មី​ដូចគ្នា ម្យ៉ាង​ចង់​ប្តូរស្ទីល​ដើម្បី​តម្រូវ​ចិត្ត​អ្នកគាំទ្រ​ប៉ុណ្ណោះ»។