ស្វាយរៀង ៖ នាវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដេកដួលរណូករណែលពេញផ្លូវក្បែរផ្ទះតារាកំប្លែងនាយ ពែកមី ស្ថិតនៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ដែលក្នុងនោះ មានកម្មករកម្មការនីរោងចក្រ ២នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៣០នាក់ផ្សេងទៀត ព្រមទាំងកម្មការិនីមានផ្ទៃពោះផងដែរ។

បើតាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្ត ដែលមិនទាន់ចេះស្ទាត់ និងជាការបើកបរលើកដំបូង បានបើកវ៉ាម៉ូតូមួយគ្រឿងនៅក្នុងល្បឿនលឿន ហើយគ្រប់គ្រងល្បឿនលែងបានក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់តែម្ដង។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ជីភូ ១៩នាក់ ក្រៅពីនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទីរួមខេត្តស្វាយរៀង ៕