ភ្នំពេញ ៖ រឿងរ៉ាវ​ហង្សមាស​បង្ហាញចម្លើយផ្លូវគោកចែកជា៣ កំពុងរងនូវព្រនង់​ឥតសំចៃ​ពី​អ្នកលេង​បណ្តាញសង្គម ស្របពេល​លោក មាស ឫទ្ធី​ ដែលជាអ្នកអធិប្បាយ​ពូកែវោហារ​បញ្ចេញ​បញ្ចូល និងមានតំណែង​ធំក្នុងទូរទស្សន៍មួយនេះផងនោះ ក៏បានចេញមក​បក​ស្រាយ​​លាងខ្លួន​ឲ្យទ្រនំ​ ដោយកាន់យក​សៀវភៅសំនួរចម្លើយ​ពណ៌ទឹកក្រូចមិនដែលឃើញ​មួយក្បាល​តូច​ដាក់លើតុបើកបង្ហាញដោយទំនុកចិត្ត​ពេញលេញហើយ​ឃើញថា​ពិតជាមាន៣​ប្រាកដ​មែន។

ប៉ុន្តែ​មិនទាន់​ប៉ុន្មានផង បើទោះជាមានការរិះគន់ខ្លាំង​ពីមហាជន​ តែហាក់គ្មានប្រសិទ្ធភាព​ឡើយ ស្រាប់តែ​មុននេះលោក គង់ វិមាន ដែលត្រូវស្គាល់ថាជា អនុរដ្ឋលេខាធិការ និង​ជានាយខុទ្ទកាល័យក្រសួងសាធារណការ ចេញមុខមក​បញ្ជាក់ថា ផ្លូវគោក​ចែក​ចេញជា២​ប្រភេទ គឺផ្លូវថ្នល់ និងផ្លូវដែក ពោលចម្លើយ​ដែលលោក កៅ សីហា ឆ្លើយនោះគឺ​ត្រឹម​ត្រូវហើយក្នុងកម្មវិធី Heaven or Hell Cambodia និង អ្នកបកស្រាយខុសសូមកែតម្រូវផង ។

យ៉ាងណាក្តីក្រោយ​ពីបង្ហាញ​នូវ​សំណេរច្បាស់លាស់យ៉ាងវែងអន្លាយពីមន្រ្តី​សាធារណការ​ផ្ទាល់បែបនេះ​ហើយ មហាជន​ក៏​បាន​បោះសម្តី​ទៅហង្សមាស​វិញ ពិសេស​លោក មាស ឫទ្ធី ដែលទើបបកស្រាយ​ហើយក្តៅៗសើមៗនោះថា «អស់ចិត្តនៅពូ សៀវភៅក្រសួងអប់រំ ថា​មិន​ត្រូវ ឥឡូវ សាធារណការ ប្រកាស​ចំៗហើយ បើមិនត្រូវទៀតបិទ​កម្មវិធីចោល​តែ​ម្តង​ទៅ ក្មេងៗជិតដល់ថ្ងៃប្រលងបាក់ឌុបផងចង់ពង្វក់ខ្មែរគ្នាឯង»។