ភ្នំពេញ ៖ ក្រោយផ្ទុះកម្ពុជាកើតមានជំងឺប៉េស្ដជ្រូកអាហ្វ្រិកងាប់ជ្រូករាប់ពាន់ក្បាល ប្រជាពលរដ្ឋគ្រប់ទិសទីហាក់មានការញញើតរអានឹងសាច់ជ្រូក ម្នាក់ៗមិនហ៊ានសូម្បីប៉ះពាល់រាល់ជ្រូកដែលងាប់ ងាកមកកាន់លើទីផ្សារវិញសម្រាប់អាជីវករដែលលក់សាច់ជ្រូកបានត្រឹមអង្គុយសំលឹងមើលសាច់ដែលព្យួរ និងកាត់ឈើចងដោយថង់បក់បណ្តេញរុយតែប៉ុណ្ណោះ ក្រោយពេលសាច់ជ្រូកគ្មានអ្នកទិញ ហើយពេលខ្លះគេក៏ឮមជ្ឈដ្ឋានខ្លះរៀបរាប់ដោយស្មោះត្រង់ថា «កុំថាទិញបងអើយ ឲ្យទៀតក៏មិនហ៊ានយកមកស្លហូបដែរ»។

យ៉ាងណាមិញ នៅលើគណនីហេ្វសប៊ុករបស់សម្ដេតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំ នៃនាវាកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» កាលពីព្រឹកទី២៩ ខែកក្កដាកន្លងទៅ បានអំពាវនាវដល់ពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភចំពោះការហូបសាច់ជ្រូកទៀតឡើយ ដោយសម្ដេចមានប្រសាសន៍ដូច្នេះថា «កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ»។

សម្ដេចក៏មានប្រសាសន៍ទៀតថា «ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក» ៕