ភ្នំពេញ ៖ កាន់តែក្ដៅគគុកដូចភ្លើងកំពុងតែឆេះសន្ធោរសន្ធៅ រឿងរ៉ាវសំណួរចម្លើយកម្មវិធីប៉ុស្ដ៍ទូរទស្សន៍ ហង្សមាស ក្រោយពិធីការិនីស្រីស្រស់សម្លេងពិរោះឈ្មោះល្បីរន្ទឺអ្នកនាង កែវ ចាន់និមល ដែលបង្វែរភ្នែកមហាជនទូទាំងប្រទេស ព្រមលោក កៅ សីហា ដែលជាបេក្ខជនអញ្ជើញចូលរួមលេងកម្សាន្ដក្នុងកម្មវិធីនេះ ថាផ្លូវគោកមាន៣ប្រភេទ បំភ្លើសពីកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននឹងកីឡា ចែងឲ្យសិក្សាផ្លូវគោកមាន២គឺ ផ្លូវថ្នល់ និងផ្លូវដែក ។ ព្រមគ្នាជាមួយលោក មាស រិទ្ធី បានចេញធ្វើការបកស្រាយម្ដងរួចមកហើយ ដោយលោកបានលើកឡើងតាមសំនួរចម្លើយ ភូមិវិទ្យាថ្នាក់ទី ៩ យកមកធ្វើជាអំណះអំណាង នៅក្នុងកម្មវិធីខាងលើ ប៉ុន្ដែមតិមហាជន ហាក់មិនអាចទទួលយកការបកស្រាយនោះឡើយ។

រំពេចពីដំណឹងដ៏អាក្រក់ប្រៀបបានសុបិនពេលដេកថ្ងៃនេះក៏បានលេចលឺដល់សម្ដេចតេជោប្រមុខដឹកនាំប្រទេស ចូលអន្តរាគមន៍ ដោយទូរស័ព្ទទៅលោក មាស រិទ្ធី ឲ្យមើលលើរឿងមួយនេះ ដោយសម្ដេចមានប្រសាសន៍ដូច្នេះថា «បើថាខុសដឹងខុស ហើយសូមទោសគេ តែបើត្រូវ ត្រូវពន្យល់គេឲ្យច្បាស់» ។ រំពេចពីទទួលបាននូវដំបូន្មានពីសម្តេច ប្រៀបបានឪពុកដ៏ល្អ បង្រៀនទៅកូនៗនោះ លោក មាស រិទ្ធី ក៏បានបង្ហាញខ្លឹមសារនៃលិខិតសុំទោសរបស់ស្ថានីយ៍ និងផលិតករកម្មវិធីផ្ទាល់តែម្តង ក្នុងកម្មវិធីព័ត៌មានពេលព្រឹកដែលមានរូបលោកជាអ្នកអធិប្បាយដោយផ្ទាល់ ព្រមដោយការជម្រះខ្លួនយ៉ាងស្អាតជូនពិធីការិនី និមល ផងដែរ ខណៈមជ្ឈដ្ឋានជាច្រើនបានបញ្ចេញមតិហួសចិត្តបន្តិចថា «រំខានសម្តេចមែនទែន គ្រាន់តែរឿងកំហុសបច្ចេកទេសសោះ សុំទោសភ្លាមៗចប់រឿងបាត់ហើយ»។