ស្វាយរៀង៖ រូបភាពដ៏មហាសង្វេគស្រែករកគេជួយ ស្របពេលដែលសមាជិកក្នុងគ្រួសារ៥នាក់ម្ដាយឪពុកកូន ត្រូវភ្លើងឆាបឆេះគ្មានសល់រោលពេញប្រាណ ខណៈជួបជុំគ្រួសារចម្អិនម្ហូបគិតថាហូបជុំគ្នាសាងក្ដីសុខសុភមង្គល ស្រាប់តែផ្ទុះកំប៉ុងហ្គាសដែលកំពុងចម្អិនក្បែរខ្លួនក្នុងខ្ទមកម្សត់ រត់ចេញមិនរួចគួចក្នុងភ្លើងទាំងហ្វូង ។

ប្រភពដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេប្រទះឃើញក្រុមគ្រួសារខាងលើ កំពុងនៅជុំគ្នារៀបចំចម្អិនម្ហូបហូប ស្រាប់តែក្រោយមក មិនដឹងជាយ៉ាងម៉េច ក៏ផ្ទុះកំប៉ុងហ្គាសដែលកំពុងដាំស្ល បណ្តាលឱ្យកើតជាអណ្តាតភ្លើងឆាបឆេះទាំងប្តីប្រពន្ធ រួមនឹងកូន៣នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ទាំង៥នាក់តែម្តង ដោយក្នុងនោះ៣នាក់បានទទួលរងការឆេះរលាកពេញខ្លួនរងរបួសធ្ងន់ជាងគេ ។

ក្នុងសភាពឈឺចាប់ក្តៅក្រហល់ក្រហាយពេញប្រាណ សមាជិកគ្រួសារខាងលើ ចំនួន៣នាក់ដែលរងរបួសធ្ងន់ កំពុងដេកតំរៀបគ្នានៅលើគ្រែក្នុងមន្ទីរពេទ្យ រួមតំណក់ទឹកភ្នែកម្ដាយស្រក់ក្បែរកូន ស្រាប់តែស្រីស្រស់ម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ នារីចិត្តធម៌ កើតក្ដីអាណិតអាសូរជាពន់ពេក ស្រែករកលេខទំនាក់ទំនងដើម្បីជួយ ដោយពោលថា « មានអ្នកណាមានលេខទំនាក់ទំនងគាត់ទេ? ខ្ញុំចង់ជួយគាត់» ៕