ភ្នំពេញ ៖ នៅលើគណនីហ្វេសប៊ុក SaRith Bth បានបង្ហាញនូវរឿង​រ៉ាវ​គួរឲ្យប្រុងប្រយ័ត្ន ខណៈ​ខ្យល់​បោកបក់​ខ្លាំងមុននេះ​ បាន​លេចចេញករណីដែក​ធ្លាក់ពីការដ្ឋាន​សំណង់​អាគារ​មួ​យ​កន្លែង​ មកចាក់​ដោត​ចំរថយន្ត​ដែលចតចោល​ នៅ​អគារ៤២​ជាន់ (ស្តុប​ពេទ្យ​ចិន) ដោយធ្លុះផ្នែកខាងមុខ ពីលើដល់ក្រោម តែសំណាងល្អ​មិន​មានរងគ្រោះថ្នាក់​ដល់មនុស្ស​ និងអ្នកដំណើរឡើយ។

ប្រាប់ឲ្យដឹង​ភ្ជាប់​រូបភាព​គួររន្ធត់​ដែលធ្លាប់​តែឃើញ​នៅបរទេស​ប្រភព​រៀបរាប់​យ៉ាងភ្ញាក់​ផ្អើល​​ថា «មកពីបាយថ្ងៃត្រង់ ក៏ប្រទះខ្យល់បក់បោកខ្លាំង បានពាំនាំដែកមួយផ្ទាំង ពីលើ​អា​គារមកត្រូវ​រថយន្តចតចោល…​ជាសំណាងដែលមិនប៉ះដល់​អ្នកធ្វើដំណើរតាមផ្លូវ…​ដែល​ស្តុប​បង្អាក់»។ ជាមួយគ្នានេះ​ក៏មាន​ការអំពាវនាវ​ឲ្យ​មានការ​បង្ការខ្លួន ពិសេស​ពេលមាន​ខ្យល់​​ខ្លាំង​ដោយសំណេរថា «សូមប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា​ពេលធ្វើ​ដំណើរ​​ឆ្លងកាត់​ការដ្ឋាន​ដែលជាប់ផ្លូវសាធារណៈ គ្មានសុវត្ថិភាពទេ ស្ដង់ដារ​សុវត្ថិភាពក៏មិនដឹងនៅឯណា»។