ភ្នំពេញ ៖ រឿងរ៉ាវដ៏កក្រើក​ផ្អើលអស់​ព្រះឥន្ទ្រទេវតា និងមហាជន ក្នុងករណី ហង្សមាស រៀបចំកម្មវិធី «ឋានសួគ៌ ឬឋាននរក» បែរជា​បង្វែរ​ចម្លើយផ្លូវគោក ចែក​ជា៣ ដោយ​ស្រីស្អាត ពិធីការិនី ចាន់ កែវនិមល  ជាអ្នកប្រកែកដោះសារជាមួយ​លោក កៅ សីហា ដែលជា​បេក្ខជនឆ្លើយចម្លើយត្រូវ ប៉ុន្តែ​មកទល់​ព្រឹកថ្ងៃទី៣១ កក្កដា ក្រោយមានការ​អន្តរាគមន៍​សម្តេច​​តេជោទូរស័ព្ទ​ដោយផ្ទាល់​ទៅកាន់​លោក​​ មាស រិទ្ធី ទើប​មានប្រកាស​ទទួលស្គាល់​កំហុស ហើយស្ថានីយ៍រួមទាំងអ្នកដឹកនាំកម្មវិធី​បានសុំទោស​ជាសាធា​រណៈ​​ផងដែរ តែ​អ្នក​ដែល​ត្រូវព្រនង់​ធ្ងន់ធ្ងរ​ជាងគេនោះ គឺពិធីការិនីទៅវិញនោះទេ។

រំពេច​ពីឃើញ​ការដាក់អោសអូសដំណើរ​យ៉ាងធ្ងន់ៗទៅលើ​ស្រីស្អាត​រាងស្វែល​ទោះមានស្វា​មី ចាន់ កែវនិមល លោក ហេង ឡុង ដែលជា​ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយ​សង្គម​ក៏មិនបាន​នៅស្ងៀមឡើយ ក៏ចេញសារភ្លែត​ពន្យល់​ដល់​មហាជន​ឲ្យបង្កើន​ការ​ពិចារណាថា «រឿងដែលកើតឡើងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ហង្សមាស គឺជាកា​រភ័ន្តច្រឡំប្រភពនៃការស្រាវជ្រាវរបស់ផលិតករកម្មវិធី មិនមែនជាកំហុសរបស់​ពិធីការិនីឡើយ»។

បន្ថែម​ដោយបង្ហាញ​ទាំង​រូបភាព​ដ៏ស្រស់ស្អាត​របស់​ពិធីការិនីល្បីនៅហង្សមាសរូបនេះ ប្រធានសមាគម​ដែល​ទទួលការ​គោរព​ស្រលាញ់ពី​សិល្បករចាស់ៗ និងតែង​ហៅ​ពេញៗ​មាត់ «កូនឡុង» បាន​អំពាវនាវ​ដល់​អ្នកលេងបណ្តាញសង្គមថា «សូមបងប្អូនមួយ​ចំនួន​តូច កុំព្យាយាមសន្និដ្ឋានដាក់កំហុសដោយគ្មានមូលដ្ឋាន»។