ឧត្ដរមានជ័យ ៖ ថ្មីៗនេះ ផ្ទុះការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក និងរិះគន់មិនសំចៃមាត់ ស្របពេលដែលបែកធ្លាយរឿង ប្រធានមន្ទីររតនាគារខេត្តឧត្ដរមានជ័យលោក ទូច គន្ធា ហាក់ណាយបាយឆ្នាំងចាស់ផ្លាស់រត់រកបង្អែមក្បែរក្លៀកស្រីក្មេងក្លិនក្រអូបឈ្ងុយដូចផ្កា ដែលជាមន្ត្រីក្រោមឱវាទមកធ្វើជាប្រពន្ធចុង ហាក់មិនញញើតរអានឹងចិត្តកូនកំលោះក្រមុំដែលនៅជុំម្ដាយបន្តិចណាសោះឡើយ ។

ប្រភពពីគេហទំព័រក្នុងស្រុក KBN News បានដាក់ចំណងជើងធំៗច្បាស់ដូចហែកមេឃអាក្រាតកាយាថា «បែកធ្លាយ ! លោកទូច គន្ធា ប្រធានមន្ទីររតនាគារខេត្តឧត្ដរមានជ័យ យកស្រ្តីជាមន្រ្ដីក្រោមឱវាទខ្លួនធ្វើជាប្រពន្ធចុង» និងបន្ថែមខ្លឹមសារគួរហួសចិត្តដ្បិតសម្តេចតេជោកំពុងបញ្ចេញការអនុវត្តន៍យ៉ាងតឹងរ៉ឹងលើមន្រ្តីប្រពន្ធច្រើនផងថា «លោកទូច គន្ធា ដែលជាប្រធានមន្ទីររតនាគារខេត្តឧត្ដរមានជ័យ បានយកមន្រ្ដីបម្រើការងារក្រោមឱវាទរបស់ខ្លួនម្នាក់ឈ្មោះ ឃុត សាលីន ធ្វើជាប្រពន្ធចុងលួចលាក់ ផិតប្រពន្ធកូន»។

ប្រភពព័ត៌មានក្នុងស្រុកមួយនេះក៏បន្តទម្លាយបន្ថែមពីលោកប្រធានមន្ទីរដែលមន្រ្តីក្រោមឱវាទតែងសរសើរថាមានមន្តស្នេហ៍អាចឆក់យកបេះដូងមន្រ្តីស្រីស្រស់ ឃុត សាលីន បាននេះ ក៏បានចំណាយប្រាក់រាប់ម៉ឺនដុល្លារ សាងសង់ភូមិគ្រិះដ៏ស្កឹមស្កៃ ទុកសោយសុខជាមួយប្រពន្ធចុងពេលហត់ការងារ គ្រាដែលថវិកាខ្ទង់ម៉ឺននេះក៏ត្រូវទម្លាយថាជាការ កាត់កញ្ចប់ថវិកាអភិវឌ្ឍន៍ប្រមាណ ៣% តែសាម៉ីខ្លួធ្លាប់ចេញមុខបំភ្លឺថា ខ្លួនមិនបានកេងប្រាក់នេះទេ គេឲ្យប៉ុន្មានយកប៉ុណ្ណឹង។