ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០១ សីហា ២០១៩ នេះលោក សាយ សៀរ៉ា តំណាង​សមាគ​ម​សិល្បករខ្មែរ បានជូនថវិកា និងអង្ករ របស់មូលនិធិសិល្បករចាស់ជរា ជូនដល់​សិល្ប​ករ លោក​តា សង់ ស៊ីស ជាតារាកំប្លែងជើងចាស់ ជារៀងរាល់ខែ ដែលលោកតា​មានជំងឺ​ប្រចាំ​កាយ ​បណ្តាលអោយដាច់សរសៃ ពិបាកក្នុងការនិយាយ ។

សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេស សូមគោរពថ្លែងអំណរ​គុណ​ដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភ​ថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបាន​ឧបត្ថម្ភ​ថវិកា​ក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់​ដល់សិល្បករ​ចាស់​ជរា៕