ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធ តែម ម៉ឺន ដែលបានធ្វើឱ្យវិស័យកីឡាប្រដាល់គុនខ្មែរ ហាក់មានឈ្មោះបោះសម្លេង ល្បីសុះសាយកក្រើកលើឆាកអន្តរជាតិបានស្គាល់ច្បាស់ពី «គុនខ្មែរ» ស្រាប់តែងាកមកមើលក្លិប ដែលជាជម្រករបស់អ្នកលេងកែង វង្ស ណយ វិញ បែរជាមានសភាពរហែកទ្រុឌទ្រោម គ្មានសូម្បីតែជញ្ជាំង និងដំបូល ឱ្យកីឡាករបានជ្រកស្រួលទៅវិញ។

បើយោងតាមប្រភពពីគណនីកីឡាករចូលចិត្តលេងកែង ប្រឡែងជង្គង់ វង្ស ណយ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈពេលកំពុងជួសជុលក្លិបដែលជញ្ជាំង និងដំបូលប្រកដោយស្លឹក បានពោលថា «ពួកខ្ញុំខំប្រឹងដើម្បីគុនខ្មែររីកចំរើន (ពីក្លឹបប្រដាល់ កុលបុត្រគុនខ្មែរ) ស៊ូម៉ែអាស៊ូ ឪអាស៊ូ»។ ព្រមជាមួយគ្នានោះ កីឡាករដែលមានដើមកំណើតជាអ្នកប៉ៃលិនរូបនេះ ក៏បានបន្តស្រែកដង្ហោយឱ្យបងប្អូនពលរដ្ឋ មេត្តាជួយមើលពីភាពលំបាករបស់ខ្លួនផង ដោយមិនចង់បានអ្វីច្រើននោះទេ សុំត្រឹមតែមានកន្លែង និងជម្រកប្រសើរជាងនេះបន្តិចក៏បាន ៕