កំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយកាយទំនេរ ដែលប្ដីចុះចោលបាត់ស្ងាត់ដំណឹង មិនដឹងកម្មផលអ្វីពីអតីត សល់ត្រឹមតែកូនប្រុសម្នាក់ជាទ្រព្យគាប់ចិន្តាបន្សល់ពីចំណងស្នេហ៍ប្ដីចិត្តទុយ៌ស ស្រាប់តែពេលនេះកូនកម្សត់បែរជាត្រូវរងកម្ម មានជំងឹសាហាវប្រចាំកាយ ឈាមហូរស្រោចខ្លួនអង្រួនចិត្តម្ដាយឱ្យកាន់តែខ្វល់ ត្បិតគ្រួសារក៏កំពុងតែដុនដាបខ្សត់គ្មានលុយមួយរៀនជាប់ខ្លួន ។

រំពេចក្នុងរូបភាពដ៏សែនស្រណោះនេះ ប្រភពពីឈ្មោះ ស៊ីម ចាន់ស៊ី ក៏បានបង្ហើបប្រាប់ថា ស្ត្រីមេម៉ាយកាយជំពាក់កម្មរូបនេះ មានឈ្មោះ ឡុង ឌីម៉ា មានកូនប្រុសតែម្នាក់នេះគត់ ហើយប្តីក៏មានស្រីរត់ចោលគាត់ទៀត ដែលកូនប្រុសមានជំងឺបែកសរសៃគ្រាប់ឈាមកាន់តែធ្ងន់ធ្ងរ គាត់ចង់យកកូនមកព្យាបាលនៅភ្នំពេញណាស់ តែថវិកាកាន់តែខ្សត់ខ្សោយ ណាមួយការងារខាងរោងចក្រ ពិបាកឈប់ បើឈប់គឺកាន់តែយ៉ាប់ហើយខ្លាំងនេះទៅទៀត ។ ឆ្លៀតក្នុងឱកាសនោះ ប្រភពដដែលក៏បានឱ្យដឹងទៀតថា ស្ត្រីខាងលើរស់នៅ ភូមិពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕