ភ្នំពេញ ៖ ក្នុងដំណើរជាព្រះសង្ឃពេលនេះ ព្រះតេជគុណ តាក់ ស៊ី ហាក់មានអាការកាន់តែដុនដាបក្រាបព្រះកាយលើគ្រែក្នុងធ្លាអារាម ដែលធ្វើឱ្យព្រះសង្ឃជាច្រើនអង្គកំពុងតែមានការព្រួយបារម្ភជាពន់ពេក ខណៈព្រះតេជគុណ តាក់ ស៊ី ឆាន់អ្វីពុំបានសឹងពុំលក់ ដែលជាហេតុធ្វើឱ្យព្រះភិក្ខុមិនអាចបន្តដំណើរក្នុងព្រះធម៌ សម្រេចលាចាកព្រះផ្នួសនៅថ្ងៃទី០៥ ខែសីហា ខាងមុខនេះ។

ប្រភពពីព្រះសង្ឃរួមអារាមព្រះនាម Nov Reth បានឱ្យដឹងកាលពីថ្ងៃម្សិលមិញនេះ ថា «រយៈពេលជិតមួយអាទិត្យហើយ អាការរបស់លោកម្ចាស់ តាក់ ស៊ី ហាក់ដូចជាធ្ងន់ធ្ងរឡើងៗទៅហើយ ពីមួយថ្ងៃទៅមួយ មិនជាបានធូរស្បើយសោះ មិនដឹងថាលោកអាចទប់ជាមួយនឹងអាការបែបនេះបានតទៅទៀត ឬអត់ទេ តែបើយ៉ាងនេះ អាត្មាមានការព្រួយចំពោះលោកខ្លាំងណាស់ មិនអាចជួយអ្វីបានទេបានតែត្រឹមអាណិតប៉ុណ្ណោះ»។ រំពេចពីនោះ ប្រភពពីព្រះសង្ឃព្រះនាមដដែល ក៏បានឡាយជាវីដេអូរួមព្រះតេជគុណ តាក់ ស៊ី បំណងឱ្យដឹងកាន់តែច្បាស់ ព្រមទាំងមានសំណេរដូច្នេះថា «ជួយ Share ម្នាក់មួយផង អាត្មា និងប្រាប់ពីរឿងរ៉ាវលោកម្ចាស់ តាក់ ស៊ី ដែលកំពុងប្រឈមនឹងជំងឺធ្ងន់ធ្ងរ មិនដឹងត្រូវបន្ដ ឬ លាចាកសិក្ខាបទនោះទេ តោះចង់ដឹងស្ដាប់សង្ឃដិការលោកទាំងអស់គ្នា» ៕