ភ្នំពេញ៖ ការទន្ទឹងរង់ចាំព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកគឺប្រឡងបវរកញ្ញា Miss Global International 2017 បានមកដល់ហើយ កញ្ញា យស ប៉ូលីណា (Paulina Yos) អាយុ ២៥ឆ្នាំ ជាកូនកាត់ខ្មែរ-អាមេរិក សព្វថ្ងៃកំពុងរស់នៅក្នុងទីក្រុង សាន់ហ្វ្រាន់សុីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គឺជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញាពិភពលោក (Miss Global International) ២០១៧ នេះ ចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង។

បន្ទាប់ពីគណៈកម្មការប្រជុំសម្រេចជើសរើសប្រទេសកម្ពុជា ឲ្យរៀបចំកម្មវិធីប្រគួតបវរកញ្ញាលំដាប់ថ្នាក់ពិភពលោកនេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្តល់សិទ្ធិផ្តាច់មុខឲ្យក្រុមហ៊ុនហង្សមាសជាអ្នករៀបចំ ផ្សាយផ្ទាល់ ការថត បច្ចេកទេសសំឡេង និងការតុបតែងឆាកជាដើម ដែលនេះជាមោទនភាពខ្ពស់បំផុត សម្រាប់ទូរទស្សន៍ហង្សមាស ក៏ដូចជាប្រទេសជាតិទាំងមូល ដើម្បីផ្សព្វផ្សាយពីវប្បធម៌ជាតិខ្មែរ និងវប្បធម៌បរទេសមកពីបណ្តាជាតិសាសន៍ផ្សេងៗ ព្រមទាំងបង្ហាញការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ ។

ជុំវិញរឿងនេះ លោក អុឹងឆៃ ងួន អគ្គនាយកក្រុមហ៊ុនហង្សមាស បានបញ្ជាក់ថា “ក្រុមហ៊ុនហង្សមាសបានត្រៀម លក្ខណៈរូចរាល់ហើយ ទាំងបច្ចេកទេស សម្ភារ និងធនធាន មនុស្សដើម្បីរៀបចំព្រឹត្តិការណ៍ពិភពលោកមួយនេះ ឱ្យបានជោគជ័យតាមការគ្រោងទុក” ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់គណៈកម្មការ រៀបចំព្រឹត្តិការណ៍បវរកញ្ញាពិភពលោក និងស្ថានីយទូរទស្សន៍ហង្សមាសជាអ្នករៀបចំថតផ្សាយនេះ ត្រូវខិតខំធ្វើឲ្យកម្មវិធីទទួលបានការគាំទ្រច្រើនពីប្រជាជន ក្នុងប្រទេស និងនៅលើពិភពលោកទាំងមូលបានដឹងថា កម្ពុជា កំពុងបោះជំហានរីកចម្រើនទៅមុខលើគ្រប់វិស័យជាពិសេសបច្ចេកទេស និងការដឹកនាំរៀបចំព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកបែបនេះ។

គួរបញ្ជាក់ថា កម្មវិធីបវរកញ្ញាពិភពលោក (Miss Global International) ២០១៧ នឹងចាប់ពីថ្ងៃស្អែក ថ្ងៃទី១ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដែលមានកញ្ញាឯកមកពីប្រទេសចំនួន៦៥ ចូលរួមប្រកួតប្រជែង ក្នុងនោះ កញ្ញា យស ប៉ូលីណា តំណាងឲ្យប្រទេសកម្ពុជា ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៕