ភ្នំពេញ ៖ ថ្មីៗនេះតារាចម្រៀងប្រចាំទ្រនំសាន់ដេស្រែកបែកកចោល នាយចឺម បានសារ ភាពថា តាំងពីមានស្នេហាថ្មីជាមួយអូនហ្វា ធ្វើឱ្យនាយ បានកំណត់ រួចជាស្រេចទៅហើយថា នឹងត្រៀមខ្លួនចូលរោងការនៅរយៈពេល៥ឆ្នាំខាងមុខទៀត ឬអាយុ២៩ឆ្នាំ ឱ្យខាងតែបាន មិនអាចបង្អែរបង្អង់តទៅទៀតឡើយ។

អតីតតារាកំប្លែង នាយចឺម ថា ការដែលនាយមិនអាចអន្ទះសារដឹកដៃអូនហ្វា ចូលរោងការក្នុងពេលឆាប់ៗនេះបាន ដោយសារតែនាយនៅធ្វើផ្ទះវីឡាជូនម្តាយនៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ មិនទាន់រួចរាល់ ហើយម៉្យាងទៀតគិតថា ពេលនេះប្រឹងរកលុយសិន។ ចំពោះស្រីស្រស់អូនហ្វា ក៏បានវាចាថា «ឥឡូវស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នាជាមុនសិន មិនទាន់អាចនិយាយដល់រឿងរៀបការបានទេ ព្រោះពួកយើងនៅក្មេងៗណាស់ត្រូវតែគិតឱ្យច្បាស់លាស់សិន ទើបគិតរៀបការតាមក្រោយ»។


