ភ្នំពេញ៖ មុននេះបន្តិចតារាចម្រៀងដ៏ល្បីផលិតកម្មហង្សមាស ឆន សុវណ្ណរាជ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលម្តងទៀត ខណៈពេលដែលលោកបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “នៅសល់ចំហាយខួបកំណើត” ។ តារាចម្រៀងសំឡេងរណ្តំរូបនេះ មានថ្ងៃខួបកំណើតពិតប្រាកដគឺ ថ្ងៃទី១០ ខែតុលា ប៉ុន្តែអ្នកគាំទ្ររបស់លោកបានធ្វើខួបកំណើតឲ្យស្ទើរគ្មានលួសថ្ងៃក្នុងខែតុលា ឆ្នាំ២០១៧នេះ ហើយកាលពីសប្តាហ៍មុនតារាចម្រៀង លោក ឆន សុវណ្ណរាជ នឹងស្មានថា ប្រហែលជាគ្មាន Surprise ខួបកំណើតទៀតទេ ព្រោះកន្លងមុខច្រើនថ្ងៃដែរ គិតឃើញដូចនេះលោកក៏បានប្រមូលរូបថតនំខួបកំណើតតាមបណ្តារាជធានី-ខេត្តទាំង ២៥ មកផ្គុំចូលគ្នារួចសរសេរសារថ្លែងអំណរគុណដល់ទឹកចិត្តបងប្អូនទាំងអស់គ្នា ។
ប៉ុន្តែអ្វីដែលតារាចម្រៀងសម្បូររោមទ្រូងរូបនេះ នឹកស្មានមិនដល់នោះគឺនៅយប់ថ្ងៃទី៣១ ខែតុលា ជិតឈានចូលខែវិច្ឆិកា ឆ្នាំ២០១៧ មានអ្នកគាំទ្ររបស់លោក១ក្រុមបានធ្វើខួបកំណើតឲ្យទៀតនៅខេត្តសៀមរាប ខណៈពេលលោកទៅច្រៀង ក្នុងកម្មវិធីជប់លៀងរបស់ CBL ក្រុមហ៊ុនស្រាបៀរ Heneiken ធ្វើនៅសណ្ឋាគារសុខាសៀមរាប ៕
