ភ្នំពេញ ៖ ក្រោយសម្រេចលាចាកសិក្ខាបទរបស់នាយតាក់ស៊ី ក្រោមស្ថានភាពជំងឺកាន់តែទ្រុឌទ្រោមនោះ កាលយប់មិញនេះមហាជនមានការអាណិតអាសូរយ៉ាងខ្លាំងដោយលោកបានទម្លាយរឿងបែកបាក់ស្នេហាជាមួយនាង ភីម ក្នុងជំនួបជាមួយលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម កាលពីម្សិលមិញ ដោយនាយបានរៀបរាប់ដោយឥតលាក់លៀមថា «មុនពេលលោកចេញសាងផ្នួស លោកបានចែកផ្លូវជាមួយភរិយាហើយ ដោយប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅប្រពន្ធ ហើយលោក និងប្រពន្ធមិនបានចុះអេតាស៊ីវិលជាមួយគ្នានោះទេ ដោយគិតថាខ្លួននឹងបួសអស់មួយជីវិត តែមិនគួរណាមានបញ្ហាសុខភាពបែបនេះសោះ»។

នាយ តាក់ស៊ី ក៏បានបន្តថាក្រោយពីសឹកហើយលោកមិនទាន់មានការងារដូចមុន មិនទាន់មានប្រាក់ចំណូលដូចមុនឡើយ លោកព្រមទាំងលើកដៃសំពះសំណូមពរដល់ស្ថានីយ៍ទូរទស្សស៊ីធីអិន អនុញ្ញាតឲ្យលោកចូលបំរើការងារវិញ ដើម្បីឲ្យលោកទទួលបានចំណូលដើម្បីចិញ្ចឹមខ្លួនឯង និងម្តាយចាស់ជរា៕