ភ្នំពេញ៖ បុរសជាជនរងគ្រោះរបួសដឹកស្ដូកស្ដឹងមិនដឹងខ្លួន សម្រាកព្យាបាលនៅមន្ទីរពេទ្យក្បាលជោគដោយលោហិត ត្បិតជួបគ្រោះថ្នាក់ចរាចរណ៍ ឡានបុកពេញទំហឹងស្ទើរតែគ្មានដង្ហើម ស្របពេលគ្រួសារកំពុងតែខ្វះខាតមិនមានប្រាក់កាស តែជនបង្ករត់បាត់ស្រមោលគ្មានដំណឹង។

ប្រភពពីគណនីហ្វេសប៊ុករបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា បានបង្ហោះនៅមុននេះ រៀបរាប់ភ្ជាប់សំណេរទាំងក្ដីអាណិតអាសូរដង្ហោយថា «រិទ្ធអើយ ឆាប់ជាណា កុំមានរឿងអ្វីឱ្យសោះណា ថ្វីត្បិតអូនមិនធ្វើការឱ្យបងទៀតក៏ដោយ តែបងនៅតែអាណិតស្រលាញ់អូនដដែល ទើបឆាតមកបងថ្ងៃមុនសោះ អ្នកបើឡានបុកគាត់ រត់បាត់ហើយ ចាប់ជនបង្កមិនបានទេ ឥឡូវអ្នកណាទទួលខុសត្រូវ?»។

មិនតែប៉ុណ្ណោះ តារាសម្ដែងល្បីច្រើនឆ្នាំ និងជាប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ក៏បន្តទៀតថា «គ្នាក្រផង លឺថាប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរណាស់ អញ្ចឹងបានខ្ញុំចេះតែនិយាយរឿងអ្នកបើកឡានព្រហើន ពេលនិយាយថាខ្ញុំទើស ថាខ្ញុំច្រណែនគេ អ្នកក្របានត្រឹមគេបើកបុកហើយរត់បាត់» ៕