ភ្នំពេញ ៖ ក្រោយតុលាការបើកការជំនុំជម្រះក្ដីរួចមក លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយក្មួយប្រុសម្នាក់ទៀតគឺលោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ចំនួន១៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ចំនួន២០០លានរៀល ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ចំពោះដើមហេតុឈានដល់ការឃាត់ខ្លួនត្រូវបានប្រភពឲ្យដឹងថាកាលពីអំឡុងឆ្នាំ២០០៤ពួកគេទាំងពីរបានធ្វើប្រត្តិបត្តិការឃាសនា អូសទាញស្ត្រីក្នុងភូមិបានចំនួន២០នាក់ ឲ្យទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រាក់ឈ្នួល២២០ដុល្លារ រួមជាមួយកិច្ចសន្យាការងាររយៈពេល២ឆ្នាំ ហើយចំពោះឯកសារបែបបទ លិខិតឆ្លងដែន និងសោហ៊ុយធ្វើដំណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ។ នៅឯប្រទេសអារ៉ាប់ប៊ីសាអូឌីត ស្ត្រីរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយត្រូវបានគេលក់ពីថៅកែមួយទៅថៅកែមួយទៀត ក្នុងតម្លៃ២០,០០០ដុល្លារ ដើម្បីធ្វើការងារផ្ទះ និងរងការរំលោភផ្លូវភេទ ដោយមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅ រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧៕