ភ្នំពេញ ៖ កាលពីយប់មិញនេះអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានរងនូវការជេរប្រមាថយ៉ាងចាស់ដៃពីសំណាក់គណនីហ្វេសប៊ុកឈ្មោះ អ៊ូ រិទ្ធីតាខ្មៅ ដែលជាមន្ត្រីយោធាស៊ីប្រាក់ខែរដ្ឋ ទាត់ឆ្នាំង បង្ហាញចរិតពាលបាតផ្សារគ្មានសីលធម៌ពីកំណើត ដែលចេតនាមួយនេះពិតជាធ្វើឲ្យប៉ះពាល់ដល់កេរិ៍្តឈ្មោះ និងកិត្តិយសរបស់អ្នកនាងយ៉ាងខ្លាំង ពិសេសលើតម្លៃនារីខ្មែរ ដ្បិតតារាសម្តែងឆ្នើមរូបនេះក៏ស្ថិតក្នុងបេះដូង ពេញដោយការស្រលាញ់ពីមហាជន និងអ្នកសិល្បៈទូទាំងប្រទេសទៅហើយ។

ដោយទ្រាំមើលការជេរប្រមាថមាក់ងាយដ៏ធ្ងន់ធ្ងរក្នុងសម្តីប្រៀបនឹងមនុស្សគ្មានដូនតាមេបាស្តីប្រដៅទូន្មាន លោក ហេង ឡុង ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ក៏បានបង្ហោះឲ្យដឹងពីបំណងប៉ងរកខុសត្រូវសខ្មៅជូនប្រធានសមាគមដោយសំណេរដូច្នេះថា «ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា»។

លើសពីនេះទៀតលោក ហេង ឡុង ក៏បន្ថែមសារអាក្រាតអត្តសញ្ញាណ និងស្ថាប័នជនមុខមធ្យម រីឯសម្តីស្មោកគ្រោក រកមិនបានសឹងមួយនគរ ដោយសម្តីច្បាស់ៗជូនថ្នាក់ដឹកនាំជ្រាបថា «ខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិនឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ»។