ព្រះសីហនុ៖ ផ្អើលមនុស្សម្នាពេញទាំងហាងលក់ចំណីហូបមួយកន្លែងនៅក្រុងកំពង់សោម ស្របពេលវត្តមានតោកំណាចមុខគុជ ល្បីសម្ដីមាស ឯកឧត្ដម គួច ចំរើន ដើរចូលដោយសម្លៀកបំពាក់មើលសឹងមិនយល់ ខោខ្លីអាវក្រហម ញញឹមយ៉ាងស្រស់បញ្ចេញធ្មេញដ៏ប្រិមប្រិយ លើកដៃសំពះ ហាក់គ្មានតំណែងសំដែងខ្លួនដូចមនុស្សសាមញ្ញ ចូលហូបបាញ់ឆែវក្នុងហាងដ៏តូចមួយ ដោយគ្មានក្រែងរអែងចិត្តប្រកាន់តួនាទីអ្វីបន្តិចសោះឡើយ។

ដោយក្នុងទំព័រហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ បានបង្ហោះឱ្យដឹងកាលពីល្ងាចមិញនេះ មានទាំងរូបភាពញញឹមញញែមថែមទាំងសំណេរយ៉ាងដូច្នេះថា «ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និងបានជួបបងប្អូនប្រជាពលរដ្ឋ និងបានឃើញពីស្នាមញញឹម ប្រកបដោយភាពរីករាយស្រស់ស្រាយ» ក្នុងទិដ្ឋភាពបែបនេះ មហាជនជាច្រើនផ្ទុះក្ដីសរសើរមិនដាច់ពីមាត់ ព្រមទាំងជូនពរឱ្យឯកឧត្ដមមានសុខភាពល្អ និងមានសុភមង្គលក្រុមគ្រួសារផងដែរ ៕