ភ្នំពេញ ៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បុគ្គលឈ្មោះ អ៊ូច រិទ្ធី ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ូ រិទ្ធីតាខ្មៅ ដែលបានជេរប្រមាថ មាក់ងាយមកលើអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខសុំទោសជាសាធារណៈហើយ ក្រោមការដឹងឮពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនខ្មែរទូទាំងប្រទេស។

ជំនួបផ្ទាល់រវាងភាគគីទាំងសងខាង ស្ដែងឲ្យឃើញតាមរយៈទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បុគ្គល អ៊ូច រិទ្ធី បានរៀបរាប់ពីមូលហេតុឈានដល់ការប្រើពាក្យវាយប្រហារទៅលើប្រធានសមាគមសិល្បករខ្មែរយ៉ាងដូចច្នេះថា «ខ្ញុំបាទមានសតិមិនល្អ និងមានការយល់ច្រឡំបានជេរប្រមាថប្រើពាក្យសម្ដីមិនសមរម្យទៅលើអ្នកស្រី ដែលជាគំរូអាក្រក់ចំពោះយុវជនខ្មែរ»។ លោកក៏បានបន្តថា ខ្ញុំបាទសូមទទួលស្គាល់កំហុស និងសូមការអភ័យទោសពីអ្នកស្រី និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕